លោក Volodymyr Zelenskyy ថា រុស្ស៊ីកំពុងបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោក ខណៈគ្រាប់ធញ្ញជាតិ ២២ លានតោនរបស់អ៊ុយក្រែនមិនអាចនាំចេញបាន
សេដ្ឋកិច្ច May 31, 2022 Khmernote

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរុស្ស៊ីកំពុងបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោកដោយការបិទកំពង់ផែរបស់ប្រទេសអ៊ុយក្រែន។ ថ្លែងក្នុងសារជាវីដេអូកាលពីថ្ងៃចន្ទ លោក Zelenskyy បាននិយាយថា អ៊ុយក្រែនមិនអាចនាំចេញគ្រាប់ធញ្ញជាតិ ២២ លានតោនបានទេ ដោយសាររុស្ស៊ីបានបិទកំពង់ផែនៅសមុទ្រខ្មៅ និងបានដណ្តើមយកផ្នែកខ្លះនៃឆ្នេរសមុទ្រ Azov ។

លោក​បាន​បន្ត​ថា ការ​បិទ​ផ្លូវ​នេះ​កំពុង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ទូទាំង​ពិភពលោក​​ច្របូកច្របល់ ហើយ​ជា​លទ្ធផលអាហារ​កំពុង​ឡើង​ថ្លៃ​ក្នុង​ប្រទេស​ផ្សេងៗ។ ទន្ទឹមនឹងនេះ លោក​ប្រធានាធិបតី​បាន​បន្ថែម​ថា ការបិទផ្លូវក៏កំពុង​បង្ក​ការ​គំរាម​កំហែង​នៃគ្រោះ​ទុរ្ភិក្ស​នៅ​ទ្វីប​អាហ្រ្វិក អាស៊ី និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួនទៀត។

ហើយលើសពីនេះ ការគំរាមកំហែងអាចកើនឡើងជាវិបត្តិជនចំណាកស្រុកថ្មី ហើយថ្នាក់ដឹកនាំរុស្ស៊ី កំពុងបង្កើតបញ្ហានេះ ដោយចេតនា។ មិនតែប៉ុណ្ណោះ យោងតាមលោក Zelenskyy “ពួកឈ្លានពានរុស្ស៊ី” បានលួចគ្រាប់ធញ្ញជាតិយ៉ាងហោចណាស់កន្លះលានតោន ហើយកំពុងស្វែងរកវិធីដើម្បីលក់វាដោយខុសច្បាប់នៅកន្លែងណាមួយ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk