លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកំពុងពិចារណាលើសំណើរបស់វិស័យឯកជនក្នុងការពន្យារពេល និងកាត់បន្ថយការប្រមូលពន្ធលើដី និងអគារ ដោយសារអាជីវកម្មកំពុងជួបបញ្ហាទ្វេដងដោយផលប៉ះពាល់នៃជំងឺរាតត្បាត និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
លោក Arkhom បាននិយាយថា លោកបានចាត់ឱ្យការិយាល័យគោលនយោបាយសារពើពន្ធធ្វើការវិភាគលើការប្រមូលពន្ធ បន្ទាប់ពីវិស័យឯកជនបានស្នើឱ្យមានការពន្យារពេល និងកាត់បន្ថយពន្ធ។ ជាមួយគ្នានេះដែរ រដ្ឋបាលក្រុងមួយចំនួនដូចជា ទីក្រុងបាងកក បានពន្យារពេលការប្រមូលពន្ធពីខែមេសា ដល់ខែកក្កដា ដើម្បីបន្ធូរបន្ថយការលំបាករបស់ប្រជាជន។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២០ រដ្ឋាភិបាលបានចេញការកាត់ពន្ធដី និងអាគារចំនួន ៩០% ដើម្បីសម្រាលបន្ទុកលើម្ចាស់ដី និងទីតាំងអគារ ដោយឥទ្ធិពលនៃជំងឺរាតត្បាតធ្ងន់ធ្ងរ។ ការកាត់បន្ថយពន្ធនេះ ចូលជាធរមានចាប់ពីឆ្នាំ ២០២០-២០២១ ប៉ុន្តែក្រសួងបានបដិសេធក្នុងការបន្តវាកាលពីឆ្នាំមុន។ ការកាត់បន្ថយពន្ធចំនួន ៩០% ក្នុងអំឡុងឆ្នាំ២០២០-២០២១នេះ បានធ្វើឱ្យរដ្ឋបាលមូលដ្ឋានខាតបង់ច្រើនជាង ៣០ពាន់លានបាតក្នុងមួយឆ្នាំ ហើយរដ្ឋាភិបាលមិនអាចស្វែងរកចំណូលថ្មីដើម្បីទូទាត់ការខាតបង់នេះបានទេ៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


