លោក David Beasley ប្រធានកម្មវិធីស្បៀងអាហារពិភពលោក បានកំពុងអំពាវនាវដល់មហាសេដ្ឋី Elon Musk, Jeff Bezos និងមហាសេដ្ឋីផ្សេងទៀតដើម្បីជួយបញ្ចប់វិបត្តិអត់ឃ្លាន។ លោក David បានប្រាប់សារព័ត៌មាន Associated Press នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស សប្តាហ៍នេះថា លោកបានអំពាវនាវម្តងទៀតដល់មហាសេដ្ឋីខាងលើដើម្បីឱ្យពួកគេផ្តល់ប្រាក់ដល់កិច្ចខិតខំប្រឹងប្រែងនេះ។
យោងតាម ប្រធានកម្មវិធីអាហារពិភពលោករូបនេះ អ្នកមានបំផុតលើពិភពលោកអាចកាត់បន្ថយភាពអត់ឃ្លានបានយ៉ាងច្រើនដោយការបរិច្ចាគចំណែកតូចមួយនៃទ្រព្យសម្បត្តិរបស់ពួកគេ ហើយដល់ពេលហើយដែលពួកគេត្រូវជួយលើរឿងមួយនេះ។ ជាមួយគ្នានេះដែរ លោក David បានលើកឡើងពីទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារ ដែល Musk បាននិយាយថាគាត់នឹងផ្តល់ឱ្យដល់កិច្ចខិតខំប្រឹងប្រែងកាលពីឆ្នាំមុន ប៉ុន្តែមកទល់ពេលនេះខាងលោកមិនទាន់បានទទួលឡើយ។
ទន្ទឹមនឹងនេះដែរ លោកបានបន្តថា៖ ពិភពលោកកំពុងជួបបញ្ហាធ្ងន់ធ្ងរ ឥឡូវនេះពិភពលោកត្រូវការអ្នកខ្លាំងណាស់។ គួរបញ្ជាក់ផងដែរថា នៅក្នុងខែវិច្ឆិកា លោក Musk បានបរិច្ចាគភាគហ៊ុន Tesla ច្រើនជាង ៥លានភាគហ៊ុន ដែលមានតម្លៃប្រហែល ៥.៧ពាន់លានដុល្លារនៅពេលនោះ ទៅអង្គការសប្បុរសធម៌ដែលមិនស្គាល់អត្តសញ្ញាណ នេះបើយោងតាមឯកសាររបស់ SEC ដូច្នេះហើយទើបលោក Beasley បានលើកឡើងថា មកទល់ពេលនេះលោកមិនទាន់ទទួលបានប្រាក់នោះទេ៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


