តម្លៃប្រេងសាំងនៅប្រទេស​វៀតណាមបានហក់ឡើងដល់ ១.៣ដុល្លារ ក្នុងមួយលីត្រជាលើកដំបូង​
សេដ្ឋកិច្ច May 26, 2022 Khmernote

តម្លៃប្រេងសាំងនៅក្នុងប្រទេស​វៀតណាមបានហក់ឡើងដល់ជាង ៣០,០០០ ដុង (ប្រមាណ ១.៣០ ដុល្លារ) ក្នុងមួយលីត្រកាលពីថ្ងៃច័ន្ទ បន្ទាប់ពីអាជ្ញាធរបានកែសម្រួលតម្លៃដែលកើនឡើងនេះជាលើកទី៥ ជាប់ៗគ្នា។ តម្លៃប្រេងសាំងដ៏ពេញនិយម RON 95 និងជីវឥន្ធនៈ E5 RON 92 ទាំងពីរបានកើនឡើង ២.៣% ដល់ ៣០.៦៥០ដុង (១.៣២ដុល្លារ) និង ២៩.៦៣០ដុង (១.២៨ ដុល្លារ)។ ប៉ុន្តែតម្លៃប្រេងម៉ាស៊ូត ប្រេងកាត mazut មានតម្លៃថោកជាង ៣.១​-៤.៧ភាគរយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា នេះ​ជា​លើក​ទី​មួយ​ហើយដែល​តម្លៃ​សាំង​នៅ​ប្រទេស​វៀតណាម​ឡើង​លើស​តម្លៃ​ខ្ទង់ ៣០ ០០០ ដុងក្នុងមួយលីត្រ ហើយថ្ងៃចន្ទ គឺជាការដំឡើងលើកទី៥ ចាប់តាំងពីថ្ងៃទី១២ ខែមេសា ដោយមិនមានសញ្ញាណាមួយពីការធ្លាក់ចុះវិញឡើយ។

ជាក់ស្ដែង បើប្រៀបធៀបទៅនឹងដើមឆ្នាំ២០២២ ប្រេងសាំងមួយលីត្រក្នុងពេលបច្ចុប្បន្ននេះមានតម្លៃខ្ពស់ជាង ២៨ភាគរយ បើទោះបីជារដ្ឋាភិបាលបានកាត់បន្ថយពន្ធលើបរិស្ថានក៏ដោយ។ យ៉ាងណាមិញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ដែលទទួលខុសត្រូវលើការគ្រប់គ្រងតម្លៃឧស្ម័ន បានចាត់ទុកការកើនឡើងនៃតម្លៃក្នុងស្រុក គឺបណ្ដាលមកពីការផ្គត់ផ្គង់មានកម្រិតនៅលើទីផ្សារពិភពលោក បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើប្រេងរុស្ស៊ី និងសហរដ្ឋអាមេរិក​រួមទាំង ការថយចុះប្រេងបម្រុង៕

អត្ថបទ៖​ លីនី
ប្រភព៖ vnexpress