មិនធម្មតាទេ ប្រទេសរុស្ស៊ី ចំណាយ ១ម៉ោងជាង ១៥លានដុល្លារ សម្រាប់ការឈ្លានពានទៅលើអ៊ុយក្រែន
សេដ្ឋកិច្ច May 24, 2022 Khmernote

យោងតាមការចុះផ្សាយសារព័ត៌មាន newsweek បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានចំណាយប្រាក់ប្រហែល ១៥.៥​ លានដុល្លារក្នុងមួយម៉ោង សម្រាប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ តួលេខនេះ ត្រូវបានបង្ហាញដោយក្រសួងហិរញ្ញវត្ថុរុស្ស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ កន្លងទៅថ្មីៗនេះ។

សហព័ន្ធថវិការបស់ប្រទេសរុស្ស៊ីក្នុងខែមេសា បានបង្ហាញថា ទឹកប្រាក់ចំនួន ៦២៨ពាន់លានរូប (ប្រហែល ១១ពាន់លានដុល្លារ) ត្រូវបានចំណាយលើវិស័យការពារជាតិ ដោយចែកទៅរុស្ស៊ីត្រូវចំណាយលើវិស័យនេះចំនួន ២១ពាន់លានរូប (ប្រហែល ៣៥៥លានដុល្លារ) ក្នុងមួយថ្ងៃ ខណៈ នៅខែមេសាឆ្នាំ២០២១ តួលេខនោះមានចំនួនតែ ២៧៤ពាន់លានរូប (ប្រហែល ៤.៦ពាន់លានដុល្លារ) ប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ កាសែត Moscow Times បាននិយាយថា ថវិកាការពារជាតិរបស់រុស្ស៊ីបានកើនឡើងទ្វេដង ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ ជាក់ស្ដែងនៅក្នុងខែមករា រដ្ឋាភិបាលរុស្ស៊ីបានចំណាយប្រាក់ចំនួន ២៣៣.៧ ពាន់លានរូប (ប្រហែល ៣.៩ពាន់លានដុល្លារ) លើវិស័យយោធារបស់ខ្លួន ប៉ុន្តែចំនួននេះបានកើនឡើងដល់ ៣៦៩ពាន់លានរូប (ប្រមាណ ៦.២ពាន់លានដុល្លារ) នៅក្នុងខែកុម្ភៈ នៅពេលដែលរុស្ស៊ីចាប់ផ្តើមផ្លាស់ប្តូរកងទ័ព និងឧបករណ៍ទៅកាន់ព្រំដែនកំឡុងពេលឈានទៅដល់ការឈ្លានពានអ៊ុយក្រែន។

មិនតែប៉ុណ្ណោះ កាសែត Moscow Times បានឱ្យដឹងទៀតថា ចាប់ពីខែមករាដល់ខែមេសា រុស្ស៊ីបានចំណាយប្រាក់សរុបចំនួន ១.៦៨១ ទ្រីលានរូប (ប្រហែល ២៨.៤ ពាន់លានដុល្លារ) លើការចំណាយសម្រាប់វិស័យយោធា។ កាសែត Times បាននិយាយថា ចំនួននេះគឺច្រើនជាង ៣ដង ដែលប្រទេសបានចំណាយលើការអប់រំ និងការថែទាំសុខភាព៕

អត្ថបទ៖ លីនី
ប្រភព៖ newsweek