កម្ពុជា នឹងមានស្ថានីយ៍ប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់លើផ្ទៃដី ៣ ហិកតា នៅក្នុងរាជធានីភ្នំពេញ
សេដ្ឋកិច្ច May 24, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោក ហួត ហៃ អភិបាលរងនិងជាតំណាងឯកឧត្តមឃួងស្រេង អភិបាលនៃគណៈអភិ បាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនានារសៀលថ្ងៃទី២៣ឧសភា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មកាក សំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់សមាគម AIMF ដែលពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែ ឧសភា ក្រោមអធិបតីភាពឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF)។

គួរបញ្ជាក់ថា៖ ទីតាំងស្ថានីយ៍ប្រព្រឹត្តកម្មនេះសាងសង់លើផ្ទៃដី៣ហិកតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិចក្នុងសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូលនាប៉ែកខាងត្បូងឈៀងខាងលិច ដែលជាការរួមចំណែកកាត់ បន្ថយជាតិពុលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជុំវិញ និងជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចសុខុមាលភាពរបស់ប្រជាពល រដ្ឋក្នុងទីក្រុងផងដែរ មុននឹងបង្ហូរចូលទៅបឹង,ទន្លេធម្មជាតិ ។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃ២៣ ឧសភានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ទើបបានចុះហត្ថលេខា ជាមួយសមាគម AIMF លើការងារផែនការត្រៀមបំរុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ, យុទ្ធសាស្ត្រ គ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធ សាស្ត្រ ស្ដីពីទីក្រុងឆ្លាតវៃ និងមានចីរភាពផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន