យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា វិបត្តិអាកាសធាតុនៅឆ្នាំនេះ បានធ្វើឱ្យទិន្នផលគ្រាប់ស្វាយចន្ទីធ្លាក់ចុះជិតពាក់កណ្តាល ដែលបណ្តាលការនាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសវៀតណាម ធ្លាក់ជាង៤០% នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៩ ខែឧសភានេះថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅវៀតណាម ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ មានចំនួនជាង៥០ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ៧៦៧លានដុល្លារអាមេរិក ថយចុះ៤៣.៤៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
លោកបានពន្យល់ថា ឆ្នាំនេះសមាគមស្វាយចន្ទីកម្ពុជាបានប៉ាន់ប្រមាណថា ទិន្នផលស្វាយចន្ទីធ្លាក់ចុះរហូតដល់ ៥០% ដោយសារតែបញ្ហាអាកាសធាតុ ពោល គឺកសិករ សមាជិករបស់សមាគម អាចផលិតបានត្រឹមតែក្នុងរង្វង់ពី ៥៧ម៉ឺនតោនទៅ ៦០ម៉ឺនប៉ុណ្ណោះ ដោយក្នុងនោះជាង៥០ម៉ឺនតោន បានលក់ទៅឱ្យឈ្មួញវៀតណាម និងនៅសល់ក្នុងឃ្លាំងប្រមាណជាង ១០តោនទៀត។
លោកបានពន្យល់យ៉ាងដូច្នេះថា មូលហេតុចម្បងដែលធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅប្រទេសវៀតណាមធ្លាក់ចុះ គឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ នៅឆ្នាំនេះកសិករបានប្រឈមនឹងការខាតបង់យ៉ាងខ្លាំង ស្របពេលដែលវិបត្តិពិភពលោកបានធ្វើឱ្យ ជី ប្រេង និងថ្នាំកសិកម្មឡើងថ្លៃ ខណៈដែលតម្លៃគ្រាប់ស្វាយចន្ទី បានធ្លាក់ថ្លៃ។ បច្ចុប្បន្ននេះតម្លៃគ្រាប់ស្វាយចន្ទីសើម បានធ្លាក់ចុះមកតម្លៃ ចន្លោះពី ២ពាន់រៀលទៅ ៣ពាន់រៀល និងតម្លៃគ្រាប់ស្ងួត មានតម្លៃចន្លោះ ៥៨០០រៀល ទៅ ៦៨០០រៀល ទៅតាមគុណភាពនៃគ្រាប់។


ប្រភព៖ ក្រសួងព័ត៌មាន


