ខែមេសា កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ១២ម៉ឺននាក់ កើនឡើងជាង៥០០% ខណៈតម្លៃសំបុត្រយន្តហោះក្នុងតំបន់ ធ្លាក់មកធម្មតាវិញ
ទេសចរណ៍ May 13, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២២នេះ អ្នកដំណើរចេញចូលប្រទេសកម្ពុជា តាមផ្លូវអាកាស តាមរយៈអាកាសយានដ្ឋានទាំងបី មានចំនួនជាង ១២ម៉ឺននាក់ កើនឡើងជាង ៥០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។

អ្នកនាំពាក្យអាកាសចរស៊ីវិលរូបនេះបានឱ្យដឹងផងដែរថា អ្នកដំណើរចូលមកតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានខេត្តសៀមរាប និងអាកាសយានដ្ឋានខេត្តព្រះសីហនុ ក្នុងខែមេសាឆ្នាំ២០២២នេះ មានចំនួនជាង ១២ម៉ឺននាក់ កើនឡើងជាង៥០០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ដោយពេញមួយខែមេសានេះ មានជើងហោះហើរ ចំនួន ១៧១២ជើង កើនឡើងជាង៩០០ជើង ឬស្មើនឹង១១២% បើធៀបនឹង ឆ្នាំ២០២១ ដែលមានត្រឹមតែ ៨០៦ជើងប៉ុណ្ណោះ និងស្មើប្រមាណ១៥%នៃឆ្នាំ២០១៩ មុនពេលមិនទាន់មានការរីកដាលនៃជំងឺកូវីដ-១៩។ ចំណែកការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មានចំនួន ៤៨៥៥តោន កើនឡើង៣៤% បើធៀបនឹងខែមេសាឆ្នាំ២០២១ ដែលមានចំនួន ៣៦១២តោន។

ជាមួយនឹងការប្រៀបធៀបគ្នាពេញមួយខែដូចគ្នា រវាងខែមេសា និងខែមីនា ឆ្នាំ២០២២ កើនឡើងជាង១២ម៉ឺននាក់ ពោលគឺខែមីនា ឆ្នាំ២០២២ អ្នកដំណើរតាមផ្លូវអាកាសមានប្រមាណតែជាង ៩ពាន់នាក់ប៉ុណ្ណោះ។

ឯកឧត្តមបន្តថា «មកដល់ខែមេសា ឆ្នាំ២០២២នេះ បើគិតជាភាគរយធៀបនឹងឆ្នាំ២០១៩ អាកាសយានដ្ឋានទាំងបីទទួលបានការដឹកជញ្ជូនអ្នកដំណើរ គឺស្មើនឹង១៥% នៃឆ្នាំ២០១៩ ប៉ុន្តែដោយឡែកបើយើងគិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែមួយ គឺមានសកម្មភាពមមាញឹកជាងគេ ស្មើនឹង២៥% នៃឆ្នាំ២០១៩»។

ឯកឧត្តមបានបន្តថា តម្លៃសំបុត្រយន្តហោះ នាពេលបច្ចុប្បន្ននេះថយច្រើន ជាពិសេសជើងហោះហើរក្នុងតំបន់អាស៊ាន ដែលតម្លៃសំបុត្រយន្តហោះសឹងតែថយចុះមកតម្លៃធម្មតាដូចនឹងឆ្នាំ២០១៩ លើកលែងតែគោលដៅប្រទេសចិនមួយប៉ុណ្ណោះ ដែលតម្លៃសំបុត្រយន្តហោះនៅទ្រឹងដដែល គឺប្រមាណពី៧ពាន់ដុល្លារទៅ១ម៉ឺនដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន