នាយករដ្ឋមន្រ្តីថៃ គ្រោងនឹងឧបត្ថម្ភធនលើតម្លៃប្រេងម៉ាស៊ូតបន្តទៀត ទោះ ១ខែរដ្ឋត្រូវខាតបង់ចំណូលជាង ១៦០លានដុល្លារក៏ដោយ
សេដ្ឋកិច្ច May 12, 2022 Khmernote

នាយករដ្ឋមន្រ្តី Prayut Chan-o-cha បាននិយាយកាលពីអង្គារថ្មីៗនេះថា រដ្ឋាភិបាលទំនងជានឹងបន្តកម្មវិធីឧបត្ថម្ភធនតម្លៃប្រេងម៉ាស៊ូតរបស់ខ្លួន ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។ លោកបាននិយាយថា ការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីក្នុងការកាត់បន្ថយពន្ធចំនួន ៣បាត លើតម្លៃប្រេងម៉ាសូតក្នុងមួយលីត្រ បានធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ចំណូលចំនួន ៥,៧ ពាន់លានបាត (ប្រមាណ ១៦៤ លានដុល្លារ) រៀងរាល់ខែចាប់តាំងពីត្រូវបានអនុវត្តកាលពី ៣ខែមុន នាំឱ្យការខាតបង់សរុបប្រហែល ១៧ពាន់លានបាត (ប្រមាណ ៤៨៩លានដុល្លារ)។

លោកឧត្តមសេនីយរូបនេះ បានបន្ថែមថា ដោយសារតម្លៃប្រេងម៉ាស៊ូតខ្ពស់ បាននិងកំពុងជះឥទ្ធិពលលើផលិតផលជាច្រើនទៀតរួមទាំង ប្រេងចម្អិនអាហារ ចំណីសត្វ និងជី ដូច្នេះគណៈរដ្ឋមន្ត្រីនឹងរក្សាការកាត់ពន្ធលើការអនុគ្រោះ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃអតិផរណាដែលកើនឡើង។

លោកក៏បានបញ្ជាក់ផងដែរថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវសម្រេចដោយក្រសួងថាមពល និងហិរញ្ញវត្ថុ មុនពេលគណៈរដ្ឋមន្ត្រីអនុម័តវិធានការបន្ថែម និងកែសម្រួលមុនកាលបរិច្ឆេទបច្ចុប្បន្នដែលនឹងត្រូវបញ្ចប់នៅសប្តាហ៍ក្រោយ។ យ៉ាងណាមិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថាមពល Supattanapong Punmeechaow បាននិយាយថា ក្រសួង​ហិរញ្ញវត្ថុ​នឹង​បញ្ជូន​សំណើ​ទាក់ទង​នឹង​កម្មវិធី​ឧបត្ថម្ភធន​ទៅ​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិចារណា​នៅ​ថ្ងៃ​ទី ១៧ ខែ​ឧសភា។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា គណៈរដ្ឋមន្ត្រីក៏បានកំណត់ថវិកាចំនួន ១.៧២ ពាន់លានបាតសម្រាប់កម្មវិធីឧបត្ថម្ភធនលើតម្លៃអគ្គិសនីក្នុងគ្រួសារថ្មីមួយដែលនឹងត្រូវដំណើរការចាប់ពីខែនេះរហូតដល់ខែសីហា៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost