អ៊ុយក្រែន កំពុងខាតបង់ ១៧០លានដុល្លារក្នុងមួយថ្ងៃ ដោយសារផលិតផលកសិកម្ម ៩០លានតោនដែលត្រូវនាំចេញត្រូវបានរារាំងដោយរុស្ស៊ី
សេដ្ឋកិច្ច May 11, 2022 Khmernote

នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយថា ប្រទេសអ៊ុយមិនអាចនាំចេញផលិតផលកសិកម្មប្រហែល ៩០លានតោន ទៅកាន់ទ្វីបអាហ្រ្វិក អាស៊ី និងអឺរ៉ុបបានទេ ដោយសាររុស្ស៊ីកំពុងបិទផ្លូវចូលតាមរយៈសមុទ្រ។ លោក Shmyhal បានលើកឡើងពីរឿងនេះកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់កំពង់ផែដ៏ធំបំផុតរបស់អ៊ុយក្រែននៅទីក្រុង Odesa ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។

លោកបានបន្ថែមថា អ៊ុយក្រែនកំពុងខាតបង់ប្រហែល ១៧០លានដុល្លារក្នុងមួយថ្ងៃដោយសារតែការបិទផ្លូវ ខណៈនាវាប្រហែល ៧០គ្រឿង ដែលភាគច្រើនជាកប៉ាល់ដឹកទំនិញអ៊ុយក្រែន នៅតែស្ថិតនៅកំពង់ផែនៅលើឆ្នេរសមុទ្រខ្មៅ ដោយសារការភ័យខ្លាចនៃការវាយប្រហារដោយយោធារុស្ស៊ី។

ជាមួយគ្នានេះលោកបានបន្តថា ការបិទផ្លូវនេះបានធ្វើឱ្យតម្លៃស្រូវសាលី ពោត និងផលិតផលផ្សេងទៀតកើនឡើងទូទាំងពិភពលោក ខណៈអ៊ុយក្រែន​ជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាលី និង​ពោត​ដ៏​សំខាន់។ ហើយលោកបានចោទប្រកាន់រុស្ស៊ី ពីការព្យាយាមបង្កើតវិបត្តិស្បៀងអាហារពិភពលោកផងដែរ។

យ៉ាងណាមិញ អង្គការស្បៀងអាហារពិភពលោក បានធ្វើការអំពាវនាវជាបន្ទាន់មួយកាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យបើកឡើងវិញជាបន្ទាន់នូវកំពង់ផែសមុទ្រខ្មៅរួមទាំង Odesa ដូច្នេះអាហារសំខាន់ៗពីអ៊ុយក្រែន នឹងអាចទៅដល់ប្រជាជនដែលប្រឈមមុខនឹងអសន្តិសុខស្បៀងបាន៕

អត្ថបទ៖ លីនី
ប្រភព៖ nhk