ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើប្រជាជនរុស្ស៊ីចំនួន ៣៣នាក់,ក្រុមហ៊ុនចំនួន ២២ និងនាវាចំនួន ៦៩គ្រឿងបន្ថែមទៀតទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២ ថ្មីៗនេះ។

តាមសេចក្ដីប្រកាសព័ត៌មាន ទណ្ឌកម្មនឹងត្រូវដាក់ទៅលើធនាគារ ឧស្សាហកម្មម៉ូស្គូ និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១០ រួមទាំងប៉ុស្តិ៍ទូរទស្សន៍រដ្ឋចំនួនបីរបស់រុស្ស៊ីដែររួមមាន Channel One Russia, Rossiya-1, និង NTV។ ក្រៅពីនេះ បញ្ជីទណ្ឌកម្មថ្មីខាងលើ ក៏នឹងដាក់បញ្ចូលនាយកប្រតិបត្តិមកពីធនាគារ Sberbank ចំនួន ៨នាក់ និងធនាគារ Gazprombank ចំនួន ២៥នាក់ផងដែរ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យយោធារុស្ស៊ីក៏ត្រូវដាក់ទណ្ឌកម្មដែរក្នុងនោះរួមាន ក្រុមហ៊ុនផលិតកាំភ្លើងក្រោមម៉ាក ORSIS ,ក្រុមហ៊ុន Oboronlogistika OOO, ក្រុមហ៊ុនដឹកជញ្ជូន Severnoye Morskoye Parokhodstvo និង Transmorflot រួមទាំងដាក់ទណ្ឌកម្មក៏ត្រូវបានដាក់លើនាវាចំនួន ៦៩ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទាំងនេះផងដែរ៕
អត្ថបទ៖ លីនី
ប្រភព៖ tass