សហភាពអឺរ៉ុប អាចនឹងរឹបអូសយកទុនបម្រុងរុស្ស៊ី ៣០០ ពាន់លានដុល្លារ ដើម្បីស្ថាបនាអ៊ុយក្រែនឡើងវិញ
សេដ្ឋកិច្ច May 9, 2022 Khmernote

បានឱ្យដឹងថាមន្ត្រីជាន់ខ្ពស់មួយរូបនៃសហភាពអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបគួរតែពិចារណារឹបអូសយកទុនបំរុងរូបិយប័ណ្ណបរទេសរបស់រុស្ស៊ីដែលបង្កក ដើម្បីជួយទូទាត់ចំណាយលើការស្ថាបនាអ៊ុយក្រែនឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។

លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយថា សហរដ្ឋអាមេរិកបានយកទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារពីធនាគារកណ្តាលរបស់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីចំណាយសម្រាប់ជំនួយមនុស្សធម៌ ហើយវិធីសាស្រ្តស្រដៀងគ្នានេះគួរតែត្រូវបានពិចារណាទៅលើប្រទេសរុស្ស៊ី។

គួររម្លឹកថា លោកខាងលិចបានបង្កកប្រហែលពាក់កណ្តាលនៃមាស និងទុនបម្រុង Forex របស់រុស្ស៊ី ដែលសរុបប្រហែល ៦០០ពាន់លានដុល្លារ។ ជាមួយគ្នានេះ មន្ត្រីនៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបឥឡូវនេះកំពុងពិចារណាអំពីរបៀបដែលពួកគេអាចប្រើទ្រព្យសម្បត្តិរបស់រុស្ស៊ីបាន ដើម្បីផ្តល់មូលនិធិដល់ការកសាងឡើងវិញនៃអ៊ុយក្រែន រួមបញ្ចូលទាំងការលក់ទ្រព្យសម្បត្តិដែលរឹបអូសបានរបស់ មហាសេដ្ឋីរុស្ស៊ីផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo