ថៃត្រូវប៉ាន់ខ្លាំង ខណៈការនាំចេញអាហារនឹងកើនឡើង ៥% នៅឆ្នាំនេះ ដោយសារជម្លោះរុស្ស៊ី និងអ៊ុយក្រែន រួមទាំងការភ័យព្រួយខ្លាចខ្វះស្បៀងរបស់ប្រទេសជាច្រើន
សេដ្ឋកិច្ច May 9, 2022 Khmernote

ការនាំចេញអាហាររបស់ថៃត្រូវបានគេរំពឹងថា នឹងកើនឡើង ៥% នៅឆ្នាំនេះ បន្ទាប់ពីបានឃើញកំណើនដឺរឹងមាំ ២៦% នៅក្នុងត្រីមាសទី១ ដែលត្រូវបានជំរុញដោយជម្លោះរុស្ស៊ីនិងអ៊ុយក្រែន និងកើនឡើងនៃការព្រួយបារម្ភអំពីកង្វះអាហារនៅក្នុងប្រទេសជាច្រើន។ លោក Visit Limlurcha ប្រធាននៃសមាគមអ្នកកែច្នៃចំណីអាហារថៃបាននិយាយថា សង្រ្គាមបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខស្បៀងនៅក្នុងប្រទេសជាច្រើន ដែលនាំឱ្យអ្នកនាំចូលពន្លឿនការដឹកជញ្ជូនស្បៀងអាហារ ដើម្បីជៀសវាងការខ្វះខាត។

លោកបានបន្តថា “ក្នុងនាមជាអ្នកនាំចេញអាហារដ៏ធំបំផុតមួយរបស់ពិភពលោក ប្រទេសថៃទទួលបានអត្ថប្រយោជន៍ពីសង្គ្រាម។ ការនាំចេញអាហារបានរកប្រាក់ចំណូលបាន ៣២៤ពាន់លានបាត (ប្រមាណ ៩.៤០ ពាន់លានដុល្លារ) ក្នុងត្រីមាសទីមួយ”។ លោកក៏បានបន្ថែមថា ក្នុងចំណោមនោះផលិតផលម្ហូបអាហារឧស្សាហកម្មសរុបមាន ១៨៧ពាន់លានបាត កើនឡើង ៤០.៥% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈផលិតផលអាហារកសិកម្មមានចំនួន ១៣៨ពាន់លានបាត កើនឡើង ១០%។

គួរបញ្ជាក់ថា ផលិតផលកំពូលទាំង ១០ដែលកើនឡើងក្នុងការនាំចេញរួមមាន៖ ខ្លាញ់ និងប្រេងដែលអាចបរិភោគបានចម្រាញ់ចេញពីរុក្ខជាតិ និងសត្វ។ ស្ករ និង molasses, គ្រាប់ធញ្ញជាតិ, ពោត, សាច់​ និងផ្នែកមួយចំនួននៃសត្វដែលអាចបរិភោគបានផ្សេងទៀត, មឹក, អាហារ​សត្វ​ចិញ្ចឹម, អង្ករ, ត្រី, និងគ្រឿងទេសអាហារ។ ជាមួយគ្នានេះទីផ្សារ​នាំ​ចូល​អាហារ​កំពូល​ទាំង​ ១០​ រួមមាន​៖ អាស៊ាន ចិន ជប៉ុន អាមេរិក កូរ៉េ​ខាង​ត្បូង អូស្ត្រាលី អង់គ្លេស ឥណ្ឌា ហូឡង់ និង​តៃវ៉ាន់៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost