រុស្ស៊ីនឹងកាន់តែយ៉ាប់ ខណៈមេដឹកនាំមកពីប្រទេសទាំង ៧ បានព្រមព្រៀងគ្នាក្នុងការបញ្ឈប់ និងហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី
សេដ្ឋកិច្ច May 9, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk បានឱ្យដឹងថា មេដឹកនាំមកពីប្រទេសទាំង ៧ បានព្រមព្រៀងគ្នាក្នុងការបញ្ឈប់ និង ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ដើម្បីដាក់ទណ្ឌកម្មបន្ថែមផ្នែកសេដ្ឋកិច្ច ទៅលើរដ្ឋបាលរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន សម្រាប់ការឈ្លានពានអ៊ុយក្រែន។

ប្រភពដដែលបានឱ្យដឹងថា មេដឹកនាំមកពីប្រទេសទាំង ៧ បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំកំពូលតាមអ៉ីនធឺណេតរបស់ពួកគេ ដោយសេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំប្តេជ្ញាលុបចោលការពឹងផ្អែករបស់ប្រទេសរបស់ពួកគេលើថាមពលរុស្ស៊ី “រួមទាំងការបញ្ឈប់ ឬ ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី”។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា មេដឹកនាំនឹងចាត់វិធានការដើម្បីហាមឃាត់ ឬរារាំងការផ្តល់សេវាសំខាន់ៗដែលរុស្ស៊ីអាស្រ័យ ដើម្បី ធ្វើឱ្យស្ស៊ីកាន់តែឯកោគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់ខ្លួន។ មិនតែប៉ុណ្ណោះពួកគេ នឹងបន្តចាត់វិធានការប្រឆាំងនឹងធនាគាររុស្ស៊ីដែលភ្ជាប់ទៅនឹងសេដ្ឋកិច្ចពិភពលោក និងរិះគន់ជាប្រព័ន្ធចំពោះប្រព័ន្ធហិរញ្ញវត្ថុរុស្ស៊ី។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានចូលរួមកិច្ចប្រជុំកំពូលដែលបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែឧសភា ក្នុងនោះលោកបានអះអាងថា កាលពីថ្ងៃសៅរ៍ គ្រាប់បែករុស្ស៊ីបានសម្លា..ប់ជនស៊ីវិល ៦០នាក់ ដែលបានស្វែងរកជម្រកនៅក្នុងសាលារៀនមួយនៅតំបន់ភាគខាងកើតនៃទីក្រុង Luhansk៕

អត្ថបទ៖ លីនី
ប្រភព៖ nhk