ប្រទេសជប៉ុន ​កំពុងពិចារណាផែនការ​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ឡើងវិញនៅ​ខែ​ក្រោយ
ទេសចរណ៍ May 7, 2022 Khmernote

រដ្ឋាភិបាលជប៉ុន​កំពុង​ពិចារណា​ផែនការ​បើក​ប្រទេស​ឡើងវិញ ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​បរទេស​ជា​ដំណាក់កាល​ចាប់ពី​ខែ​ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រី Kishida Fumio បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ថា ការគ្រប់គ្រងព្រំដែនប្រឆាំងនឹងមេរោគឆ្លង នឹងត្រូវបានបន្ធូរបន្ថយ ស្របតាមសមាជិក G7 ផ្សេងទៀត។

ជាមួយគ្នានេះរដ្ឋាភិបាល ក៏អាចចាប់ផ្តើមទទួលយកដំណើរទេសចរណ៍ជាក្រុមតូចៗពីប្រទេសមួយចំនួននៅលើមូលដ្ឋានសាកល្បង មុនពេលបើកដំណើរការឡើងវិញទាំងស្រុង។ ទន្ទឹមនឹងនេះ មន្ត្រីក៏កំពុងពិភាក្សាផងដែរ ពីវិធានការណ៍ដែលត្រូវដាក់ចេញ លើការធ្វើដំណើរពីក្រៅប្រទេស ដែលបច្ចុប្បន្នត្រូវបានកំណត់ត្រឹម ១០,០០០នាក់ ក្នុងមួយថ្ងៃ។

ទោះជាយ៉ាងណាក្ដី កិច្ចពិភាក្សាកំពុងដំណើរការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដោយពួកគេមានគម្រោងវាយតម្លៃដោយប្រុងប្រយ័ត្ននូវស្ថានភាពឆ្លងទាំងក្នុងប្រទេសជប៉ុន និងក្រៅប្រទេស ដើម្បីឱ្យការបើកឡើងវិញមិនបង្កឱ្យមានការកើនឡើងនៃករណីថ្មីនោះទេ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk