បើកប្រទេសភ្លាម ថៃជាប់ចំណាត់លេខ៤​ ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​កំពូល​ជុំវិញ​ពិភពលោក
ទេសចរណ៍ May 7, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃនៅតែជាគោលដៅទេសចរណ៍កំពូលមួយសម្រាប់ភ្ញៀវទេសចរណ៍ជុំវិញពិភពលោក ហើយប្រទេសនេះបានជាប់់ចំណាត់ថ្នាក់លេខ ៤ ជាប្រទេសដែលត្រូវបានជ្រើសរើសច្រើនបំផុត ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​កំពូល​ជុំវិញ​ពិភពលោក នេះបើតាមការសិក្សាពីការធ្វើដំណើរជាសកលរបស់ក្រុមហ៊ុន Visa។

ប្រទេស​ថៃ​ស្ថិត​នៅ​ពី​ក្រោយ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ឥណ្ឌា ដោយប្រហែល ៣០ភាគរយនៃអ្នកឆ្លើយសំណួរជ្រើសរើសប្រទេសថៃដើម្បីសម្រាក ២៥ភាគរយដើម្បីលំហែកាយ និង ១៨រយសម្រាប់ការផ្សងព្រេង និងស្វែងរកសកម្មភាពកម្សាន្តផ្សេងៗ។ ការស្ទង់មតិតាមអ៊ីនធឺណិតបង្ហាញថា មនុស្សកាន់តែច្រើនកំពុងស្វែងរកសកម្មភាពបន្ថែមទៀត រួមទាំងការធ្វើដំណើរដើម្បីជួយពួកគេបញ្ចេញភាពតានតឹងប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ ទីក្រុងបាងកក ភូកេត ឈៀងម៉ៃ និងហួហ៊ីន គឺជាគោលដៅពេញនិយមបំផុតនៅក្នុងប្រទេសថៃ ដែលភ្ញៀវទេសចរជុំវិញពិភពលោកបានស្វែងរកព័ត៌មានតាមរយៈបណ្តាញអ៉ីនធឺណិត។ ទន្ទឹមនឹងនោះ សកម្មភាពដែលភ្ញៀវទេសចរចាប់អារម្មណ៍ជាងគេគឺការម៉ាស្សាបែបប្រពៃណី និងអាហារថៃ។ មិនតែប៉ុណ្ណោះ ការចំណាយពេលនៅក្នុងរមណីយដ្ឋានស្ប៉ា និងបទពិសោធន៍វប្បធម៌ថៃ ដូចជាការទៅទស្សនាប្រាសាទថៃ គឺជាកន្លែងទាក់ទាញមួយដែលអ្នកទេសចរជាច្រើនកំពុងស្វែងរកពេលស្នាក់នៅក្នុងប្រទេស។

គួរបញ្ជាក់ផងដែរថា កន្លងមកការសិក្សាមួយរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានរកឃើញថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃកំពុងបង្ហាញសញ្ញាល្អនៃការងើបឡើងវិញ។ គេប៉ាន់ប្រមាណថា ចំនួនអ្នកទេសចរនឹងកើនដល់ ៤៦.៩៦លាននាក់ នៅចុងឆ្នាំ២០២៤ ដោយសាររដ្ឋាភិបាលបន្ធូរបន្ថយវិធានការ ដើម្បីសម្រួលដល់ការចូលប្រទេស នោះភ្ញៀវទេសចរកាន់តែច្រើននឹងត្រឡប់ទៅប្រទេសថៃវិញ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand