ទិញទំនិញហើយកុំបោះចោលវិក្កយបត្រ ថតផ្ញើទៅអគ្គនាយកដ្ឋានពន្ធដារ អាចនឹងមានសំណាងឈ្នះរង្វាន់ជាច្រើន រួមទាំង រថយន្ត Mazda សេរីទំនើប
សេដ្ឋកិច្ច May 6, 2022 Khmernote

កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ អគ្គនាយកដ្ឋាន​ពន្ធដារ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវកម្មវិធីវិក្កយបត្រនាំសំណាង GDT Lucky Draw App ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងផ្សងសំណាង។ ប្រជាពលរដ្ឋគ្រាន់តែថតវិក្កយបត្រដាក់ចូល App នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ក្នុងនោះរួមមាន ទូរទស្សន៍ ទូរស័ព្ទដៃ ម៉ូតូ និងរង្វាន់ធំចុងក្រោយគឺរថយន្ត Mazda សេរីទំនើប ដល់ទៅ ២គ្រឿង។

នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់វិក្កយបត្រនាំសំណាង ឯកឧត្តម គង់ វិបុល ប្រធានប្រតិភូគណៈអធិបតីទទួលបន្ទុកឲ្យអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា កម្មវិធីវិក្កយបត្រនាំសំណាង នេះគឺជានិតផ្តួចផ្ដើមថ្មីមួយ ដែលផ្ដល់លទ្ធផលឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចំណែកពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងកសាងជាតិទាំងអស់គ្នា ហើយមានឱកាសទទួលបានសំណាងឈ្នះនូវរង្វាន់យ៉ាងច្រើន។

យ៉ាងណាមិញចំពោះការប្រើប្រាស់សាធារជនអាចទាញយក កម្មវិធីនេះពីក្នុង play Store ឬ App Store រួចដំឡើងប្រើប្រាស់ ដោយថតរូបវិក្កយបត្រដោយទូរស័ព្ទ និងបញ្ចូល (Upload) ចូលទៅក្នុងកម្មវិធីជាការស្រេច។ ចំពោះរង្វាន់លើកទឹកចិត្ត អគ្គនាយកដ្ឋានពន្ធដារនឹងរៀបចំកម្មវិធីរៀងរាល់ ៦ខែម្ដង ដោយមានរង្វាន់យ៉ាងច្រើនដូចជា៖ រថយន្ត Mazda Pick up ស៊េរីទំនើបចំនួន ២រង្វាន់, ម៉ូតូ Honda Dream ចំនួន ១០រង្វាន់,ទូរស័ព្ទដៃ iphone 13 Proចំនួន ១០រង្វាន់ និងទូរទស្សន៍ LG ចំនួន ២០រង្វាន់៕

អត្ថបទ៖ លីនី