ដំណឹងល្អ! ក្រុមហ៊ុនកូរ៉េខាងត្បូង មានបំណងនាំចូលស្វាយពីកម្ពុជា ១ម៉ឺនតោនក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ
សេដ្ឋកិច្ច May 5, 2022 Khmernote

កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ ព្រមទាំងលោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាលើការនាំចូលស្វាយពីកម្ពុជា ព្រមទាំងស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ លោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH បានជម្រាបឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ពីគោលបំណងក្នុងការនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោនក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបង្កើតរោងចក្រកែឆ្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។

ជាការឆ្លើយតប លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ។ លោកបានបន្តថា សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ ១៥,០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ។ ហើយជាកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សកម្មភាពធុរកិច្ចលើវិស័យសក្តានុពលនានានៅកម្ពុជា សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទ៖ លីនី