ឡូយណាស់! ក្រុមហ៊ុនសិង្ហបុរី គ្រោងចំណាយទុនជាង ២០០លានដុល្លារ លើគម្រោងសិក្សាភ័ស្តុភារកម្មនៅភ្នំពេញ
សេដ្ឋកិច្ច May 3, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោកបណ្ឌិត រ៉ូប៊ឺត យ៉ាប (Robert Yap) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន YCH Group របស់ប្រទេសសិង្ហបុរី ព្យាករណ៍ថា ការសិក្សាលើគម្រោងប្លង់អភិវឌ្ឍន៍ និងប្រតិបត្តិមជ្ឈមណ្ឌលភ័ស្តុភារកម្មនៅរាជធានីភ្នំពេញ ហៅកាត់ PPLC គ្រោងចំណាយទុនក្នុងរង្វង់ជាង ២០០លានដុល្លារអាមេរិក។

ការបញ្ជាក់ឱ្យដឹងនេះ ធ្វើឡើងក្រោយលោកបានចុះហត្ថលេខាលើអនុស្សរណៈយោគ យល់ជាមួយក្រុមហ៊ុន World bridge Group ស្តីពីការសហការអភិវឌ្ឍន៍ និងដំណើរការមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដែលមានការចូលរួមជាសក្ខីភាពពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចសហការនេះរវាងក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុននៅក្នុងស្រុកនេះ នឹងធ្វើឱ្យចេញជារូបរាងឡើងនូវមជ្ឈមណ្ឌលភ័ស្ដុភារកម្មរបស់កម្ពុជា ទៅតភា្ជប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មប្រចាំតំបន់ និងពិភពលោក។

លោកបណ្ឌិត រ៉ូប៊ឺត យ៉ាប បានថ្លែងថា កិច្ចសហការនេះ នឹងមិនត្រឹមតែកសាងមជ្ឈ មណ្ឌលភ័ស្តុភារកម្មនោះទេ គឺថែមទាំងកសាងនូវប្រព័ន្ធអេកូភ័ស្តុភារកម្មមួយ ប្រកបដោយការយល់ដឹង និងកម្លាំងពលកម្មក្នុងផ្នែកភ័ស្តុភារកម្មក្នុងស្រុកដែលមានសមត្ថភាពផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា មជ្ឈមណ្ឌលភ័ស្តុភារកម្មរាជធានីភ្នំពេញ នឹងជួយពង្រឹងដល់ការតភ្ជាប់ប្រទេសកម្ពុជាជាមួយរំហូរពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ ជាពិសេសនៅក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គមានប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា ថៃ និងវៀតណាម និងតំបន់និរតីនៃប្រទេសចិន ប្រកបដោយភាពប្រកួត ប្រជែងទាំងពេលវេលា និងការចំណាយលើការដឹកជញ្ជូនទំនិញ។

យោងតាមសេចក្តីព្រាងនៃផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មឆ្នាំ២០២១-២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា មានគម្រោងត្រូវអនុវត្តរហូតដល់ជាង ៣៣០គម្រោង និងត្រូវការថវិកាវិនិយោគប្រមាណ ៥០ពាន់លានដុល្លារអាមេរិក៕

ប្រភព៖ ក្រសួងព័ត៌មាន