វិបត្តិប្រេងឆា! ផ្សារទំនើបជាច្រើនកំពុងកំណត់បរិមាណលក់ប្រេងចម្អិនអាហារសម្រាប់អតិថិជន ដោយសារការផ្គត់ផ្គង់ខ្វះខាតខ្លាំង
សេដ្ឋកិច្ច May 3, 2022 Khmernote

របាយការណ៍ជាច្រើនបានឱ្យដឹងថា ផ្សារទំនើបកាន់តែច្រើនឡើងបានកំណត់បរិមាណប្រេងចម្អិនអាហារ សម្រាប់អតិថិជន ដោយសារតែការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែនធ្វើឱ្យការផ្គត់ផ្គង់ខ្វះខាត។ ជាមួយគ្នានេះដែរ សង្រ្គាមបានធ្វើឱ្យតម្លៃប្រេងចម្អិនអាហារឡើងថ្លៃយ៉ាងខ្លាំង បើតាមប្រធាន​ផ្សារ​ទំនើប​របស់​ចក្រភព​អង់គ្លេសប្រេងផ្កាឈូករដ្ឋឡើងថ្លៃដល់ទៅ ១០០០ភាគរយ។

របាយការណ៍ទាំងនោះបានឱ្យដឹងទៀតថា ផ្សារទំនើបដែលបានកំណត់បរិមាណប្រេងចម្អិនអាហារសម្រាប់អ្នកទិញរួមមាន៖ ផ្សារទំនើប Tesco,​ផ្សារ Morrisons ,ផ្សារ Waitrose,ផ្សារទំនើបក្រិក AB,ផ្សារទំនើប Colruyt និងផ្សារទំនើប Iceland ។ ក្នុងចំណោមផ្សារទាំងនោះ បានកំណត់ចំនួននៃការទិញប្រេងឆា ដោយខ្លះកំណត់ឱ្យអតិថិជនទិញក្នុងចំនួន ២ ដប ខ្លះ ៣ដប និងខ្លះទៀតតែចំនួន ២លីត្រប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា អ៊ុយក្រែន និងរុស្ស៊ីផ្គត់ផ្គង់ប្រេងផ្កាឈូករ័ត្នភាគច្រើនទៅចក្រភពអង់គ្លេស ប៉ុន្តែសង្គ្រាម​កំពុង​បង្ក​ឱ្យ​មានការ​រំខាន​ដល់​ការ​ប្រមូល​ផលផ្កាឈូករ័ត្ន ដែលនោះមានន័យថា ការផ្គត់ផ្គង់​ប្រេង​ផ្កាឈូករ័ត្ន​មាន​កម្រិត។ លើសពីនេះ ឥណ្ឌូណេស៊ី ដែលជាអ្នកផ្គត់ផ្គង់ប្រេងដូងធំជាងគេបំផុតរបស់ពិភពលោក បានដាក់បម្រាមនាំចេញមួយផ្នែកលើធាតុផ្សំប្រេងសំខាន់ៗគឺ RBD Palm Oil៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo