ប្រជាជនថៃ នាំគ្នាសម្រុកទៅចាក់សាំងកាលពីថ្ងៃសោរិ៍ មុនតម្លៃប្រេងសាំងត្រូវបានតម្លើងថ្លៃមកវិញ
សេដ្ឋកិច្ច May 3, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation អ្នកបើកបរនៅក្នុងទីក្រុងបាងកក និងខេត្តផ្សេងៗទៀតបាននាំគ្នាសម្រុកទៅស្ថានីយ៍ប្រេង ដើម្បីចាក់សាំងឱ្យពេញៗកាលពីថ្ងៃសៅរិ៍ទី៣០ ខែមេសា ឆ្នាំ២០២២ មុនពេលតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃមកវិញ។ គួររម្លឹកថា រដ្ឋាភិបាលថៃ​កាលពីពេលកន្លងទៅនេះ បានសម្រេចប្រើមូលនិធិប្រេង ដើម្បីបញ្ចុះតម្លៃលើប្រេងសាំងដែលកើនឡើង ជួយសម្រាលការចំណាយរបស់ប្រជាជន។

វិធានការនេះ នឹងត្រូវផុតកំណត់នៅក្នុងថ្ងៃទី០១ ខែឧសភា ដូច្នេះហើយទើបនាំឱ្យប្រជាជន ក៏ដូចជាអ្នកបើកបរនាំគ្នាសម្រុកទៅចាក់បំពេញប្រេងសាំងដើម្បីទុកប្រើប្រាស់ មុននឹងតម្លៃឡើងថ្លៃវិញ។ ជាក់ស្ដែង តម្លៃប្រេងម៉ាស៊ូតត្រូវបានដំឡើងថ្លៃ ២ បាតក្នុងមួយលីត្រកាលពីថ្ងៃអាទិត្យ នាំឱ្យតម្លៃប្រេងឡើងដល់ ៣២បាតក្នុងមួយលីត្រ ខណៈតម្លៃកាលពីខែមេសា ត្រឹម​ ៣០បាតក្នុងមួយលីត្រប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ តម្លៃប្រេងម៉ាស៊ូតថ្មីត្រូវបានកំណត់ត្រឹម ៣៥បាតក្នុងមួយលីត្រ ហើយគណៈកម្មាធិការនឹងដំឡើងថ្លៃបន្តិចម្តងៗ ពោលគឺម្ដង ១បាត​នៅពេលតម្លើង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ រហូតដល់តម្លៃឡើងខ្ពស់ជាថ្មី។ គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសៅរ៍ ស្ថានីយ៍ PTT នៅ Soi Phetkasem 81 ក្នុងសង្កាត់ Nong Khaem នៃទីក្រុងបាងកក មានមនុស្សកកកុញជាមួយនឹងរថយន្តជាហូរហែរង់ចាំចាក់សាំងរថយន្ត ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបន្ថែមថា ទន្ទឹមនឹងនោះ អ្នកនេសាទនៅតាមឆ្នេរសមុទ្របានមកស្ថានីយ៍ប្រេងដូចគ្នា ដើម្បីស្តុកប្រេងទុកចាក់ទូកនេសាទរបស់ពួកគេនៅពេលក្រោយ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand