ឆ្នាំនេះកសិករ និងឈ្មួញនៅខេត្តបាត់ដំបងថា ស្វាយកែវរមៀតធ្លាក់ថ្លៃពិបាករកទីផ្សារ
សេដ្ឋកិច្ច May 3, 2022 Khmernote

កសិករនិង ឈ្មួញកណ្តាល កំពុងប្រមូលផលស្វាយកែវរមៀតមានការត្អូញត្អែរពីតម្លៃ ហើយទីផ្សារចង្អៀត ។ ម្យ៉ាងទៀតភាគីប្រទេសថៃ កុម្ម៉ង់យកតិចតួចប៉ុណ្ណោះ ខណៈផ្លែស្វាយរបស់កសិករច្រើន និងខ្លះត្រូវរលួយចោល ព្រោះតែខ្វះទីផ្សារ ហើយការប្រមូលទិញរបស់ឈ្មួញត្រូវ មានកំណត់ សម្រាប់មួយថ្ងៃៗតាមការបញ្ជាទិញពីខាងប្រទេសថៃ។

លោក វ៉ន វ៉ាន់ណេត ជាឈ្មួញកណ្តាល ស្ថិតនៅឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថា សព្វថ្ងៃនេះ កសិករក្នុងភូមិឃុំនេះ សម្បូរស្វាយកែវរមៀត ក្នុងរដូវប្រមូលផល តែលោកទទួលទិញតែក្នុងមួយថ្ងៃ១៥ តោន តែប៉ុណ្ណោះ តាមការបញ្ជាទិញរបស់ឈ្មួញប្រទេសថៃ ។

ចំណែកតម្លៃវិញ លោកទទួលទិញពីកសិករ ត្រឹម ១៥០ ទៅ ១៨០ រៀលក្នុងមួយគីឡូក្រាម តាមស្វាយតូចឬធំ ហើយការយកទៅលក់ ដល់ប្រទេសថៃ បានតម្លៃ ២,៥០ បាត ប្រសិនបើស្វាយតូចៗ អាចមានតម្លៃទាបជាងនេះ ។ លោកបន្ថែមថា ឆ្នាំមុនផ្លែស្វាយ កសិករអាចបានតម្លៃ ២០០ ទៅ ៣០០ រៀល/គីឡូក្រាម ។

រីឯលោក វ៉ាន់ វី ជាកសិករ មានចម្ការស្វាយកែវរមៀត ៥ហិកតា ដែលបានមកសួរអំពីការទិញស្វាយដល់ឈ្មួញកណ្តាល ដើម្បីបេះផ្លែស្វាយ យកមកលក់ ។ លោក វ៉ាន់ វី រៀបរាប់ថា ឈ្មួញកណ្តាល ឱ្យតម្លៃស្វាយ របស់លោក ១៥០ រៀល/គីឡូក្រាម ដែលផ្លែស្វាយរបស់លោក ប្រមូលផល អាចបានប្រមាណ ២តោនដែរ។ លោកបន្ថែម បើទោះជា ស្វាយធ្លាក់ថ្លៃ យ៉ាងណាក៏ដោយ លោកត្រូវតែលក់ ពីព្រោះកសិករ គ្មានជម្រើសនោះទេ ខណៈផ្លែស្វាយ កាន់តែចាស់ និងទំខ្លះៗ បើមិនលក់ មានតែជ្រុះចោលតែប៉ុណ្ណោះ ។

ជុំវិញបញ្ហានេះ ទាំងឈ្មួញកណ្តាល និងកសិករ ទទូចឱ្យមន្រ្តីពាក់ព័ន្ធ ជួយស្វែងរកទីផ្សារ កាន់តែទូលំទូលាយ សម្រាប់ផ្លែស្វាយ ពិសេស រដូវប្រមូលផលស្វាយ អំឡុងខែមេសា និងដើមខែឧសភា៕

ប្រភព៖ ក្រសួងព័ត៌មាន