ខាតធ្ងន់ហើយ! ក្រុមហ៊ុននាំចេញវៀតណាម រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការបិទខ្ទប់របស់ប្រទេសចិន
សេដ្ឋកិច្ច May 2, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុននាំចេញវៀតណាមរងប៉ះពាល់ខ្លាំងដោយសារការបិទខ្ទប់របស់ប្រទេសចិន។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុននាំចេញរបស់វៀតណាមកំពុងពិបាកក្នុងការដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់ប្រទេសចិន ដោយសារការរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩ ដែលធ្វើឱ្យពេលវេលាដឹកជញ្ជូនអូសបន្លាយពេលទ្វេដង និងថ្លៃដើមឡើងថ្លៃបួនដង។

ចាប់តាំងពីដើមឆ្នាំនេះ ក្រុមហ៊ុននាំចេញផ្លែស្វាយ Thanh Tung នៃខេត្ត Dong Thap ភាគខាងត្បូង មិនអាចនាំចេញទៅប្រទេសចិន បានឡើយ ហើយបានត្រឹមតែលក់នៅក្នុងស្រុកប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកនាំចេញម្នាក់ទៀតនៅក្នុងខេត្ត Long An ភាគខាងត្បូងដែលសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា ពេលវេលាដឹកជញ្ជូនទៅកាន់ប្រទេសចិនបានកើនឡើងទ្វេដងដោយសារតែការពន្យារពេលនីតិវិធីគយ។

យ៉ាងណាមិញ បញ្ហាទាំងនេះ មិនត្រឹមបង្កផលប៉ះពាល់ដល់អ្នកនាំចេញនោះទេ សូម្បីតែកសិករក៏ប៉ះពាល់ដែរ ដោយកសិករដាំផ្លែស្វាយជាច្រើនបានឈប់ប្រមូលផលផ្លែស្វាយ ដោយសារតម្លៃធ្លាក់ចុះទាបខ្លាំងហើយគ្មានអ្នកទិញ។ គួរបញ្ជាក់ផងដែរថា ការបិទនាពេលថ្មីៗនេះនៅក្នុងទីក្រុងសៀងហៃ និងទីក្រុងផ្សេងទៀតរបស់ប្រទេសចិន បាននាំមកនូវបញ្ហាប្រឈមថ្មីៗដល់អ្នកនាំចេញវៀតណាមដែលកំពុងប្រឈមមុខនឹងការលំបាករួចទៅហើយក្នុងការបញ្ជូនទំនិញរបស់ពួកគេឆ្លងកាត់ព្រំដែនចាប់តាំងពីចុងឆ្នាំមុន៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress