ជប៉ុន មានបំណងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសម្អាងនៅខេត្តព្រះសីហនុ
សេដ្ឋកិច្ច May 2, 2022 Khmernote

អ្នកវិនិយោគជប៉ុន មានបំណងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសម្អាងនៅខេត្តព្រះសីហនុ ដោយគោលបំណងនេះត្រូវបានលើកឡើងដោយ ឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ស្ដីពីយុទ្ធសាស្រ្តសូត្រមាសកម្ពុជា។

ឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យគណ:ប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសមកកាន់ខេត្តព្រះសីហនុនាពេលនេះ ឯកឧត្តមមានការភ្ញាក់ផ្អើលដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿន មានហេដ្ឋរចនាសម្ព័ន្ធល្អស្អាត បរិស្ថានល្អសាកសម្យជាតំបន់ទេសចរណ៍ និងវិនិយោគ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម បានបង្ហាញពីគោលបំណងក្នុងការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រគ្រឿងសម្អាងនៅខេត្តព្រះសីហនុ ព្រោះខាងជប៉ុនមានបច្ចេកទេស ចំណែកកម្ពុជាមានវត្ថុធាតុដើម(សូតមាស) យកមកកែច្នៃធ្វើគ្រឿងសំអាង និងសាប៊ូ ដែលជាផលិតផលដែលកំពុងពេញនិយម។

ជាកិច្ចឆ្លើយតបឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍វត្តមានឯកឧត្តម Fumiaki Takahashi និងគណ:ប្រតិភូវិនិយោគជប៉ុនដែលបានមកធ្វើទស្សនកិច្ចនិងឈ្វេងយល់ពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ។ ជាមួយគ្នានេះឯកឧត្តមក៏បាន ថ្លែងអំណរអរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានជួយគាំទ្រក្នុងការកសាងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុកន្លងមកអាចឱ្យនាវាដែលមានជំរៅទឹក៩.៥០ម៉ែត្រចូលចត ហើយនៅឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានសមត្ថភាពអាចឱ្យនាវាដែលមានជំរៅទឹក១៣.៥០ម៉ែត្រចូលចតបាន ដែលធ្វើឱ្យខេត្តព្រះសីហនុមានលទ្ធភាពក្រកួតប្រជែងតម្លៃដឹកជញ្ជូនតាមផ្លូវទឹក៕

អត្ថបទ៖ លីនី