ក្រុមហ៊ុនផលិតមីម៉ាម៉ា Thai President Foods ប្រកាសតម្លើងតម្លៃលើមីម៉ាម៉ា ចាប់ពីខែក្រោយនេះតទៅ
សេដ្ឋកិច្ច April 30, 2022 Khmernote

Thai President Foods ក្រុមហ៊ុនផលិតមីម៉ាម៉ាបានជូនដំណឹងដល់ដៃគូពាណិជ្ជកម្ម និងអ្នកលក់រាយរបស់ខ្លួនពីការឡើងថ្លៃលើតម្លៃមីម៉ាម៉ាប្រភេទកញ្ចប់ ដ៏ពេញនិយម ចាប់ពីខែឧសភានេះតទៅ។ ក្រុមហ៊ុនបាននិយាយថា តម្លៃលក់ដុំមីប្រភេទដូចជា តុំយ៉ាំ និងរសជាតិសាច់ជ្រូកចិញ្ច្រាំ នឹងកើនឡើងពី ១៤៣ បាត (ប្រមាណ៤.១៨ដុល្លារ) ទៅ ១៤៥ បាត (ប្រមាណ ៤.២៤ដុល្លារ) ក្នុងមួយកេសដែលមាន ៣០កញ្ចប់ និងពី ៨៥៨បាត (ប្រមាណ ២៥.០៦ដុល្លារ) ទៅ ៨៧០បាត (ប្រមាណ ២៥.៤១ដុល្លារ) ក្នុងមួយកេសធំដែលមាន ១៨០កញ្ចប់ ដែលនេះនឹងធ្វើឱ្យតម្លៃលក់មីម៉ាម៉ាឡើងពី ៦បាត (ប្រមាណ ០.១៨ដុល្លារ)ក្នុងមួយកញ្ចប់ ទៅ ៦.៥០ ទៅ ៧បាត (ប្រមាណ ០.១៩ដុល្លារ ០.២០ដុល្លារ)។

បើតាមប្រភពបាននិយាយថា ក្រុមហ៊ុនបានលើកឡើងពីការកើនឡើងនៃថ្លៃដឹកជញ្ជូន និងវត្ថុធាតុដើមដូចជាម្សៅស្រូវសាលី និងប្រេងដូងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាហេតុផលសម្រាប់ការកើនឡើងតម្លៃ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនប៉ាន់ស្មានថាតម្លៃដឹកជញ្ជូននឹងកើនឡើងខ្ពស់ជាងនេះ បន្ទាប់ពីរដ្ឋាភិបាលបញ្ចប់ការបញ្ចុះតម្លៃ ៣០បាតក្នុងមួយលីត្រលើតម្លៃប្រេងម៉ាស៊ូតនៅថ្ងៃទី ១ ខែឧសភា។

ទោះជាយ៉ាងណាក្ដី តម្លៃមីម៉ាម៉ាដែលសរសៃមីមានពណ៌ស និងមីម៉ាម៉ាប្រភេទកំប៉ុងនៅតម្លៃធម្មតាដដែល ពោលគឺមិនឡើងថ្លៃនោះឡើយ។ គួរបញ្ជាក់ផងដែរថា មីម៉ាម៉ា គឺជាផលិតផលល្បីរបស់ Thai President Foods ដែលលក់បាន ១៤ពាន់លានបាតក្នុងឆ្នាំ២០២១។

មីម៉ាកនេះ បានឡើងថ្លៃបីដងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយក្រុមហ៊ុនបានចាប់ផ្តើមលក់មីម៉ាម៉ាក្នុងឆ្នាំ១៩៧២ ក្នុងតម្លៃលក់រាយ ២បាតក្នុងមួយកញ្ចប់។ វាបានឡើងថ្លៃដល់ ៥បាតក្នុងឆ្នាំ១៩៩៧ ដោយសារវិបត្តិហិរញ្ញវត្ថុ Tom Yum Kung ។ បន្ទាប់មកតម្លៃម៉ាម៉ាបានឡើងថ្លៃម្តងទៀតនៅ ១០ឆ្នាំក្រោយ ពោលគឺក្នុងឆ្នាំ ២០០៧ ដល់ ៦ បាតក្នុងមួយកញ្ចប់ ដោយសារថ្លៃដើមកើនឡើង៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand