ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ
សេដ្ឋកិច្ច April 30, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដើម្បីជីវភាពរស់នៅរបស់ប្រជាពល រដ្ឋឱ្យកាន់តែល្អប្រសើរ ។

យោងតាមសារលិខិតអបអរសាទខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ដើម្បីធ្វើការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ- ១៩ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលចំនួន ១០ជុំ ដោយបានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារដោយសារជំងឺកូវីដ-១៩ សរុបចំនួន ៣៤៧ ៨៤៤នាក់ ស្មើនឹងថវិកាប្រមាណ ១១៤,៦ប៊ីលានរៀល (ប្រមាណជាង ២៨លានដុល្លារអាមេរិក) ព្រមទាំងបានផ្តល់វគ្គបណ្តុះ បណ្តាលជំនាញទន់ផងដែរ។

សម្តេចតេជោបានបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសស្តីពីការដាក់ឱ្យប្រើគោលការណ៍ប្រតិបត្តិស្តង់ដារស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្នុងគោលបំណងការពារសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត និងរក្សាស្ថិរភាពអាជីវកម្ម/ផលិតកម្ម របស់រោងចក្រ សហគ្រាស ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស។

សម្តេចតេជោបានឱ្យដឹងទៀតថា ដើម្បីរក្សាលំនឹងជីវភាព រស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ដែលអនុវត្តចំពោះគ្រួសារក្រីក្រ ងាយរងគ្រោះ និងស្រ្តីសម្រាលកូនផងដែរ ដោយប្រើប្រាស់បណ្ណសមធម៌នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនោះ បានប្រមូលចុះឈ្មោះអ្នកស្វែងរកការងារចំនួន ៤ ៨២៣នាក់ បានផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារចំនួន១៣ ៩១៣ នាក់ និងជួយស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិ ឃុំ និងតាមរយៈវេទិកាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ និងកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងតាមរយៈទីភ្នាក់ងារជ្រើស រើសឯកជនស្របច្បាប់។

សម្តេចតេជោ បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិលើកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ សម្រាប់ជួយដល់យុវជនឱ្យទទួលបាន ជំនាញតាមគន្លងថ្មីប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ បន្ថែមពីនោះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប ត្រូវបានដំឡើងពី ១៩២ដុល្លារអាមេរិក ដល់ ១៩៤ដុល្លារអាមេរិក ក្នុង ១ខែ សម្រាប់ ឆ្នាំ២០២២ បើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលចាប់ពី ២១១ ដុល្លារអាមេរិក ដល់ ២២២ ដុល្លារអាមេរិក ក្នុង១ខែ៕

ប្រភព៖ ក្រសួងព័ត៌មាន