ស្ងាត់ៗ! ថៃបោះជំហានចូលពិភព metaverse ក្រោមគម្រោង “durian metaverse” ដែលអាចឱ្យភ្ញៀវទេសចរណ៍កម្សាន្ត និងទិញលក់ចម្ការទុរេនបាន
សេដ្ឋកិច្ច April 29, 2022 Khmernote

ខណៈពេលដែលក្រុមហ៊ុនលំដាប់ពិភពលោកធំៗជាច្រើនបោះជំហានចូលពិភព metaverse អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) កាលពីថ្ងៃព្រហស្បតិ៍បានបើកដំណើរការ “durian metaverse” នៅលើពិភពសិប្បនិម្មិតដែលកំពុងល្បីល្បាញរបស់ក្រុមហ៊ុន meta។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា “durian metaverse” ជាកម្មវិធីដំបូងបង្អស់របស់ថៃ ដែលផ្ដល់នូវដំណើរទេសចរណ៍និម្មិតនៃចម្ការទុរេន និងឱកាសធ្វើជាម្ចាស់ចម្ការទុរេននៅលើ metaverse ផងដែរ។

អភិបាល TAT លោក Yuthasak Supasorn បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដោយសារឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 ទីភ្នាក់ងាររបស់គាត់បានឃើញឱកាសមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនការប្រកួតប្រជែងលើវិស័យទេសចរណ៍របស់ប្រទេស។

លោក Yuthasak បានបន្តថា គម្រោង “Amazing Thailand Metaverse: Amazing Durian” គឺជាផ្នែកមួយនៃគោលគំនិត “ការផ្លាស់ប្តូរទេសចរណ៍” ដើម្បីផ្តល់បទពិសោធន៍ជាក់ស្តែងដល់ភ្ញៀវទេសចរ ទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ អ្នកដែលចាប់អារម្មណ៍អាចទស្សនាចម្ការទុរេននិម្មិត ដែលផ្អែកលើដើមទុរេនពិតប្រាកដនៅក្នុងខេត្តដែលដាំទុរេន នៅលើគេហទំព័រ Amazingthailandmetaverse.com។

ជាមួយគ្នានេះអ្នកទស្សនាអាចចូលរួមក្នុងដំណើរទេសចរណ៍និម្មិតនៃចម្ការទុរេន និងប្រមូល (digital tokens) របស់ពួកគេចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៣១ ខែសីហា។ (digital tokens) អាចត្រូវបានប្តូរសម្រាប់ធាតុហ្គេម ឬប័ណ្ណអេឡិចត្រូនិកសម្រាប់ផលិតផល និងសេវាកម្មដែលទាក់ទងនឹងទេសចរណ៍។ លើសពីនេះ ពួកគេអាចទិញរូប (NFT) ពី Durian Metaverse ផងដែរ។

ទន្ទឹមនឹងនេះ លុយឌីជីថល អាចត្រូវបានប្រើដើម្បីទិញចម្ការទុរេននិម្មិតនៅក្នុង metaverse ដែលម្ចាស់អាចធ្វើអាជីវកម្មជាមួយសួនបន្លែនិម្មិតរបស់ពួកគេនាពេលអនាគត។ គួរបញ្ជាក់ថា ចម្ការទុរេនជាច្រើនដែលបានចូលរួមនៅក្នុង Metaverse របស់ TAT រួមមាន៖ Arun Burapha, KP Garden មកពីខេត្ត Chanthaburi, Suan Lamai និង Suphattra Land មកពី Rayong និង Ingthara Organic Durian Garden មកពី Si Sa Ket។ នៅក្នុងសួនបន្លែនិម្មិត មានធុរេនថៃជាច្រើនប្រភេទរួមមាន៖ Mon Thong, Chanee, Long-Lin Lablae និងទុរេនផ្សេងៗទៀតដែលមានប្រភពសម្គាល់ភូមិសាស្ត្រ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand