ច្រកព្រំដែនវៀតណាមចំនួន ២ ជាមួយប្រទេសចិននៅភាគខាងជើងបានបើកឡើងវិញជាធម្មតាហើយ ក្រោយបិទអស់រយៈពេល ២ខែ
សេដ្ឋកិច្ច April 27, 2022 Khmernote

ច្រកព្រំដែនវៀតណាមចំនួន ២ ជាមួយប្រទេសចិននៅក្នុងខេត្ត Quang Ninh ភាគខាងជើងបានបើកឡើងវិញមួយផ្នែក កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា បន្ទាប់ពីការរឹតបន្តឹងរយៈពេល ២ខែ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ទំនិញភាគច្រើនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនម្តងទៀតនៅច្រកព្រំដែន Bac Lieu 2 ក្នុងទីក្រុង Mong Cai ប៉ុន្តែផលិតផលដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ និងផលិតផលកសិកម្មនៅតែត្រូវបានហាមឃាត់ ខណៈដែលអាជ្ញាធរក្រុង Mong Cai និងទីក្រុង Dongxing ពិភាក្សាអំពីពេលវេលា។

អាជ្ញាធរ Mong Cai បានិយាយថា ក្នុងមួយថ្ងៃៗមានរថយន្តកុងតឺន័រចំនួន ២០គ្រឿងប៉ុណ្ណោះដែលឆ្លងកាត់ព្រំដែន ព្រោះរថយន្តកុងតឺន័រនីមួយៗត្រូវចំណាយពេលប្រហែល ៣០នាទីដើម្បីបោសសម្អាត។ ក្នុងនោះរថយន្ត​ប្រមាណ ៣០០ គ្រឿង​ដែល​ដឹក​ផលិតផល​ត្រជាក់​នៅតែ​រង់ចាំ​ឆ្លងកាត់​ព្រំដែន។

គួរឱ្យដឹងថា ច្រកព្រំដែនទាំងពីរត្រូវបានបិទជាបណ្តោះអាសន្ននៅចុងខែកុម្ភៈ ខណៈដែលប្រទេសចិនបានដាក់វិធានការការពារយ៉ាងតឹងរឹងក្រោមគោលនយោបាយ “zero-Covid” របស់ខ្លួន។ ប្រទេសចិន គឺជាទីផ្សារនាំចេញធំបំផុតទីពីររបស់វៀតណាមបន្ទាប់ពីសហរដ្ឋអាមេរិកនៅក្នុងត្រីមាសទីមួយជាមួយនឹងតម្លៃ ១៣.៧ពាន់លានដុល្លារ កើនឡើង ៩.២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress