ធនាគារពិភពលោក យល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៦០០ លានដុល្លារជួយដល់ស្រីលង្កា ដើម្បីជួយបំពេញតម្រូវការទូទាត់សម្រាប់ការនាំចូលសំខាន់ៗ
សេដ្ឋកិច្ច April 27, 2022 Khmernote

ផ្នែកនៃប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីស្រីលង្កាបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីអង្គារ ទី២៦ ខែមេសា ថា ធនាគារពិភពលោកបានយល់ព្រមផ្តល់ជំនួយហិរញ្ញវត្ថុដល់ស្រីលង្កាចំនួន ៦០០លានដុល្លារអាមេរិក ដើម្បីជួយបំពេញតម្រូវការទូទាត់សម្រាប់ការនាំចូលសំខាន់ៗ។

សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា ធនាគារពិភពលោកបានយល់ព្រមផ្ដល់ជំនួយហិរញ្ញវត្ថុចំនួន ៦០០លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ ជាមួយគ្នានេះ ធនាគារ​ពិភពលោក​នឹង​បញ្ចេញ​ទឹក​ប្រាក់ ៤០០​លាន​ដុល្លារ​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយអះអាងថា ខ្លួននឹងបន្តជួយប្រទេសស្រីលង្កា ដើម្បីជំនះវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។

យ៉ាងណាមិញ មិនមែនមានតែធនាគារពិភពលោកឡើយ ដែលបានជួយស្រីលង្កា ក្នុងនោះប្រទេសឥណ្ឌាបានជួយស្រីលង្កាដោយជំនួយចំនួន ១.៩ ពាន់លានដុល្លារអាមេរិក ហើយទីក្រុង Colombo កំពុងពិភាក្សាជាមួយទីក្រុង New Delhi សម្រាប់ទឹកប្រាក់បន្ថែមចំនួន ១.៥ ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិដល់ការនាំចូល រួមទាំងប្រេងឥន្ធនៈផងដែរ។

គួរបញ្ជាក់ថា វិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កា ចាប់តាំងពីឯករាជ្យនៅឆ្នាំ១៩៤៨ ត្រូវបានបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃទុនបំរុងរបស់ខ្លួនដែលបានធ្លាក់ចុះ ៧០ភាគរយក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដែលឈានដល់ ១.៩៣ ពាន់លានដុល្លារអាមេរិកនៅចុងខែមីនា។ នេះបានធ្វើឱ្យកូឡុំបូ ជួបការលំបាកក្នុងការចំណាយលើសម្ភារៈសំខាន់ៗ រួមទាំងប្រេងឥន្ធនៈ ថ្នាំពេទ្យ និងអាហារ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia