វិនិយោគិនជប៉ុន ២៩ក្រុមហ៊ុន កំពុងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជាលើវិស័យទាំងនេះ
សេដ្ឋកិច្ច April 27, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក Takahashi Fumiaki ប្រធាន សមាគមជប៉ុន-កម្ពុជា (JCA) បានដឹកនាំអ្នកវិនិយោគជប៉ុនមួយក្រុមមានចំនួន ២៤ ក្រុមហ៊ុន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា មានដូចជា ការអភិវឌ្ឍលំនៅឋានសុខាភិបាល កាត់ដេរសម្លៀកបំពាក់ បច្ចេកវិទ្យា និងកសិកម្មជាដើម បានជួបប្រជុំជាមួយ ក្រុមហ៊ុនចម្រុះវិស័យ របស់កម្ពុជាចំនួន ២៩ក្រុមហ៊ុន ដើម្បីភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅ មកឈានដល់ការធ្វើពាណិជ្ជកម្មរួមគ្នា។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដាភីអិលស៊ី បានថ្លែងថា ព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ត្រូវបានរៀបចំឡើងលើកទី១ នៅឆ្នាំ២០១៩ ដោយ សមាគមជប៉ុន-កម្ពុជា និងធនាគារអេស៊ីលីដា ជាមួយនឹងភាពជោគជ័យដ៏ធំធេង សម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស។ អាជីវកម្មត្រូវបានផ្គូផ្គងគ្នាទៅវិញទៅមក សហគ្រិន បានភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ហើយព័ត៌មានត្រូវបានចែករំលែករវាងគ្នា ទៅវិញទៅមក។ ជាអកុសលជំងឺរាតត្បាត COVID-19 បានកើតឡើងនៅចុងឆ្នាំ២០១៩ ហើយ ការធ្វើដំណើរ អន្តរជាតិត្រូវបានរឹតបន្តឹងនៅក្នុងប្រទេសជាច្រើន។

លោកបណ្ឌិតបន្តថា ជាមួយនឹងគោលនយោបាយសមស្របរបស់រដ្ឋាភិបាល និងការ ឆ្លើយតបប្រកបដោយប្រសិទ្ធភាព យើងមានសេចក្តីសោមនស្សរីករាយ ដែលធនាគារ អេស៊ីលីដា និង JCA អាចរៀបចំព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មម្តងទៀត។ ប្រទេសកម្ពុជាត្រូវ បានចាត់ទុកថា ជាលំដាប់ពិភពលោក ដែលគ្រប់គ្រងជំងឺកូវីដ១៩បានល្អ ហើយសេដ្ឋកិច្ច មានភាពធន់។ ពេលនេះប្រជាជនអាចធ្វើដំណើរដោយសេរី សកម្មភាពសេដ្ឋកិច្ចកំពុង វិលទៅរកភាពធម្មតាវិញជាបណ្តើរៗ ហើយនេះជាពេលវេលាដ៏ល្អសម្រាប់ការវិនិយោគ។

លោកបន្តទៀតថា កម្ពុជាជាប្រទេសសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងកំណើន សេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧.៨ភាគរយ មុនជំងឺរាតត្បាត ហើយត្រូវបានព្យាករណ៍ដោយ ធនាគារអភិវឌ្ឍន៍អាស៊ីថា នឹងស្ថិតក្នុងរង្វង់ ៥.៣ភាគរយ ក្នុងឆ្នាំ២០២២ និង ៦.៥ភាគរយ នៅឆ្នាំ២០២៣។ មូលដ្ឋានសម្រាប់សុទិដ្ឋិនិយមសម្រាប់កម្ពុជា គឺជាមួយនឹងអត្រាការ ចាក់វ៉ាក់សាំងខ្ពស់ និងអត្រាឆ្លងទាប ដូច្នេះប្រទេសអាចបើកព្រំដែន ប្រកបដោយសុវត្ថិភាព ដល់អ្នកដំណើរអន្តរជាតិ។ ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុននេះ នឹងទទួល បានជោគជ័យខ្ពស់។ ទំនាក់ទំនងរវាងវិនិយោគិនក្នុងស្រុក និងបរទេសនឹងត្រូវបានបង្កើត ឡើង។ ឱកាសវិនិយោគនឹងត្រូវបានកំណត់។ ចំណេះដឹង និងបទពិសោធន៍នឹងត្រូវបានចែក រំលែក។ ទាំងអស់នេះនឹងនាំឱ្យទំនាក់ទំនង ពាណិជ្ជកម្មកាន់តែមានភាពសកម្មរវាងកម្ពុជា និងជប៉ុន។

សូមបញ្ជាក់ថា ទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាន បញ្ជាក់ថានៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទឹកប្រាក់ ៤៨០លានដុល្លារអាម៉េរិក កើនឡើង ៣.៥ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានទឹក ប្រាក់៣០៥លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាមានទឹកប្រាក់១៧៤លានដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន