រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការចិញ្ចឹមសត្វ ជាលក្ខណ:គ្រួសារបាននិងកំពុងផ្លាស់ប្តូរទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ
សេដ្ឋកិច្ច April 25, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា បច្ចុប្បន្នការចិញ្ចឹមសត្វ ជាលក្ខណ:គ្រួសារ បាននិងកំពុងធ្វើការផ្លាស់ប្តូរទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ ដូចជាការចិញ្ចឹមជ្រូក មាន់ ទា ជាលក្ខណ:គ្រួសារ បានប្តូរ ទៅជាការចិញ្ចឹមក្នុងកសិដ្ឋាន ជាបណ្តុំដោយបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់ និង គុណភាព។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះ ក្នុងឱកាសប្រារព្វពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ របស់ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច កាលពីពេលថ្មីៗនេះ ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ផ្ទៃដីចម្ការស្រែជាង ៩០% ត្រូវបានភ្ជួររាស់ដោយគ្រឿងយន្ត រីឯសត្វគោ-ក្របី ត្រូវបានប្តូរតួនាទីពី ការចិញ្ចឹមដើម្បីយកមកធ្វើការភ្ជួររាស់ ទៅជាការចិញ្ចឹមសម្រាប់យកសាច់វិញ។ នេះជាសក្ខីភាពមួយបង្ហាញឲ្យឃើញថា អនុវិស័យផលិតកម្មសត្វបាននិងកំពុងបោះជំហានឡើងជាបន្តបន្ទាប់ ឆ្ពោះទៅគោលដៅមួយដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន គឺជាការអភិវឌ្ឍន៍អនុវិស័យនេះ សំដៅលើការលើកកម្ពស់ស្តង់ដារចិញ្ចឹមតាមរយ:ការប្រើប្រាស់ពូជសុទ្ធ គុណភាពចំណី និង មាត្រដ្ឋាននៃការគ្រប់គ្រងកសិដ្ឋានប្រកបដោយសុវត្ថិភាព សុខភាពសត្វ និងភាតរៈបរិស្ថាន ហើយចុងក្រោយផលិតបាន ផលិតផលសាច់មានគុណភាព ធានាបានសុខភាពសាធារណ:។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្កើតរោងចក្រផលិតចំណីសត្វនេះ គឺពិតជាឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា ការកែលម្អនូវបរិយាកាសវិនិយោគ និងការធានានូវលក្ខខណ្ឌអំណាយផល សម្រាប់វិស័យឯកជន ក៏ដូចជាអំពាវនាវ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន គឺជាកាតព្វកិច្ចចាំបាច់របស់ក្រសួង ដែលត្រូវ សហការចូលរួមបំពេញតួនាទីដើម្បីលើកស្ទួយវិស័យផលិតកម្មចិញ្ចឹមសត្វ ធានាបានការផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក ក្នុងបរិបទ កូវីដ-១៩ និងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តម បានបន្ថែមថា ភ្ជាប់ទៅនឹងភាពជោគជ័យដែលក្រុមហ៊ុនសម្រេចបានក្នុងវ័យជាង ១០ឆ្នាំនៃអាយុអាជីវកម្មនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ និងជំរុញផលិតកម្មចំណីសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារជូនប្រជាជន បង្កើនចំណូលគ្រួសារ។ ដើម្បីជាធាតុចូលទាំងក្របខ័ណ្ឌច្បាប់ បច្ចេកទេស និងគោលនយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រីបានជូនយោបល់សំខាន់ៗជាអាទិ៍ ៖ ក្រុមហ៊ុនគួរសិក្សា និងស្រាវជ្រាវបន្ថែមលើការផលិតចំណីត្រីឆ្តោ ដើម្បីជំនួស ឲ្យការប្រើវត្ថុធាតុដើមជាកូនត្រីដែលចាប់ពីប្រភពធម្មជាតិ។ ជំរុញ និងលើកទឹកចិត្តឲ្យប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក តាមរយ:ការ ធ្វើកិច្ចសន្យាផលិត ប្រមូលទិញពីកសិករ ដើម្បីកាត់បន្ថយការនាំចូល។ ឯកឧត្តម បានបន្ថែមទៀតថា ក្រុមហ៊ុនគួរបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬក៏ត្រូវចុះកិច្ចសន្យាជាមួយអ្នកផលិត ដើម្បីជួយផ្សព្វផ្សាយពូជ និងបច្ចេកទេស និងពីរដើម្បីធ្វើការពិសោធន៍គុណភាពចំណី។ ក្រុមហ៊ុនក៏ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព និងមិត្តភាពរវាង និយោជិត និងនិយោជក ដើម្បីរក្សាបាននូវសុខដុមនីយកម្ម “ក្រុមហ៊ុនជួយបុគ្គលិក-បុគ្គលិកជួយក្រុមហ៊ុនវិញ”។ រក្សាឲ្យបានល្អនូវកិច្ចសហការជាមួយអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានដើម្បីវិបុលភាព ចីរភាព និងនិរន្តរភាពនៃអាជីវកម្ម។ ត្រូវខិតខំពង្រីកសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទ ដើម្បីស្រូបយកឲ្យបានកាន់ តែច្រើនទាំងធនធានមនុស្ស ធនធានចំណេះដឹង បទពិសោធន៍ និងធនធានវត្ថុធាតុដើម។ ទាំងអស់នេះគឺដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចតេជោ នាឆ្នាំ២០៣០ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច គឺជាក្រុមហ៊ុនផលិតចំណីសត្វមួយ ក្នុងចំណោមក្រុមហ៊ុនផលិតចំណីសត្វធំជាងគេ ទាំង១០នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនមានអាយុជាង១១១ឆ្នាំមកហើយ គឺជំនាន់ទី៥ នៃដូនតា ដែលជាស្ថាបនិកបង្កើត ក្រុមហ៊ុននេះនៅប្រទេសហូឡង់។ ក្រុមហ៊ុនបានដាក់ទុនវិនិយោគចំនួន ១៥លានដុល្លារ សាងសង់រោងចក្រលើផ្ទៃដីចំនួន ៧១៥៤ ម៉ែត្រការ៉េ មានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទចំនួន ១៥ ០០០តោន/ខែ ប្រើកម្មករ ៥២ នាក់ ហើយនិងមានផែនការផលិត ចំណីសត្វ ១៨០ ០០០ តោន/ឆ្នាំ ៕

ប្រភព៖ information