លក្ខណៈពិសេស ៣យ៉ាង ដែលធ្វើឱ្យផ្លែស្វាយថៃ​ពេញ​និយម​លើទីផ្សារអន្តរជាតិ ខណៈ ការនាំចេញកើនឡើង ១៥% ត្រឹម ២ខែដំបូងនៃឆ្នាំនេះ
សេដ្ឋកិច្ច April 25, 2022 Khmernote

ការនាំចេញផ្លែស្វាយស្រស់របស់ប្រទេសថៃបានកើនឡើងចំនួន ១១លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២២នេះ ពោលគឺកើនឡើង ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tha Nation។ ជាមួយគ្នានេះដែរ ម៉ាឡេស៊ី​បាន​នាំ​ចូល​ផ្លែស្វាយ​របស់ប្រទេសថៃរហូត​ដល់​ទៅ ៤៦% ​តាម​ពី​ក្រោយ​ដោយ​កូរ៉េ​ខាង​ត្បូង ៣៤% ជប៉ុន ៨% មីយ៉ាន់ម៉ា ៤% និង​វៀតណាម ២%។

បើតាមអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មលោកស្រី Auramon Supthaweethum ផ្លែ​ស្វាយ​ថៃ​កំពុង​ពេញ​និយម​លើ​ទីផ្សារ​ទាំង​នោះ គឺដោយសារ​គុណភាព​ល្អ រសជាតិ​ផ្អែម និង​រូបរាង​ស្អាត។ លើសពីនេះស្វាយ​ស្រស់​របស់​ថៃ​មាន​ពេញ​មួយ​ឆ្នាំ​ ហើយមានច្រើន​ប្រភេទ។ លោកស្រីបានបន្ថែមទៀតថា ទីផ្សារ​ផ្លែឈើ​កែច្នៃ​ក៏​កំពុង​បន្ថែមទៅលើការច្នៃផ្លែស្វាយទៅជាផលិតផលផងដែរថាដូចជា​ ស្វាយក្រៀម និង​កក ក៏ដូចជា បាយ​ដំណើប​ស្វាយទុំ ដោយផលិតផល​បែប​នេះ​មិន​មាន​ពន្ធ​នាំ​ចូល​ក្នុង​ទីផ្សារ FTA ចំនួន ១៦ឡើយ។

គួរបញ្ជាក់ផងដែរថា ប្រទេស​ថៃ​ជា​ប្រទេស​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ធំ​ជាង​គេ​ទី​៧ របស់​ពិភពលោក ហើយក្នុង​ចំណោម​ពូជ​ស្វាយ​ថៃ​ដែល​ពេញ​និយម​ក្នុង​ទីផ្សារ​ទាំង​នោះ​មាន Nam Dokmai , Maha Chanok, Khiew Savoey, និង Chok Anan។ យ៉ាងណាមិញ លោកស្រី Auramon បានស្នើឱ្យប្រតិបត្តិករធុរកិច្ចថៃគួរតែកែលម្អ និងបង្កើនទម្រង់នៃផលិតផលរបស់ពួកគេសម្រាប់ការនាំចេញ ដើម្បីបន្ថែមតម្លៃកាន់តែច្រើន និងពង្រីកទីផ្សារ។ ជាមួយគ្នានេះការ​អភិវឌ្ឍ​គុណភាព​ផលិតផល​គួរ​ចាប់​ផ្តើម​ពី​ដំណើរ​ការ​ដាំ​ដុះ​រហូត​ដល់​ការ​វេច​ខ្ចប់ មិនគួរប្រើសារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិត ដើម្បីធ្វើឱ្យផលិតផលរបស់ពួកគេមានលក្ខណៈសរីរាង្គ និងអាចនាំចេញទៅកាន់ប្រទេសដែលតឹងរ៉ឹងចំពោះបញ្ហានេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand