ប្រធានាធិបតីអ៊ុយក្រែន អះអាងថា អ៊ុយក្រែនត្រូវការជំនួយ ៧ពាន់លានដុល្លារក្នុងមួយខែ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
សេដ្ឋកិច្ច April 23, 2022 Khmernote

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនត្រូវការប្រាក់ចំនួន ៧ពាន់លានដុល្លារក្នុងមួយខែ ដើម្បីស្ដារ និងរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យនៅស្ថិតស្ថេរ ចំពេលមាន “ការខាតបង់សេដ្ឋកិច្ច” ដែលបង្កឡើងដោយប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន kyivpost។

លោក Volodymyr Zelensky បានប្រាប់មេដឹកនាំធនាគារពិភពលោក និង IMF តាមរយៈខ្សែវីដេអូនៅក្នុងកិច្ចប្រជុំមួយថា៖ “យោធារុស្ស៊ីមានគោលបំណងបំផ្លាញអ្វីៗគ្រប់យ៉ាងនៅអ៊ុយក្រែន ដែលអាចបម្រើជាមូលដ្ឋានសេដ្ឋកិច្ចសម្រាប់ជីវិតរស់នៅ នោះរាប់បញ្ចូលទាំងស្ថានីយផ្លូវដែក ឃ្លាំងអាហារ ប្រេង និងរោងចក្រចម្រាញ់ប្រេង”។

ជាមួយគ្នានេះដែរ លោក Zelensky បានអំពាវនាវសុំជំនួយសព្វាវុធបន្ថែមទៀតដោយនិយាយថា អ៊ុយក្រែននៅតែមិនមានគ្រប់គ្រាន់ទោះបីជាមានជំនួយយោធារាប់ពាន់លានពីលោកខាងលិច ដែលបានបង្ខំឱ្យរុស្ស៊ីផ្តោតលើការវាយលុករបស់ខ្លួនឡើងវិញនៅឆ្ងាយពីទីក្រុង Kyiv និងឆ្ពោះទៅភាគខាងកើតក៏ដោយ៕

អត្ថបទ៖ លីនី
ប្រភព៖ kyivpost