សៀមរាបនឹងកាន់តែទាក់ទាញ ខណៈវិស័យឯកជនកម្ពុជា-ជប៉ុន ចាប់ដៃគ្នាលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃនៅក្នុងខេត្ត
ទេសចរណ៍ April 22, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាបតំណាង ដោយលោក ហ្វីលិប កៅ និងក្រុមហ៊ុន នីផុនកូអ៊ី (Nippon Koei)ជប៉ុន តំណាងដោយ លោក នីស៊ីណុ គេន(Nishino Ken) នៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់ ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ ក្នុងខេត្តសៀមរាប ដោយផ្តោតសំខាន់ទៅលើ ឌី ជីថល ភ្លេតហ្វម និងធនធានមនុស្ស ក្នុងវិស័យទេសចរណ៍។

លោក កាវ៉ាហ្គុជិ ម៉ាសាគិ (KAWAGUCHI Masaki) ប្រធានការិយាល័យ ស្ថានកុងស៊ុល ជប៉ុនប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា ការចុះហត្ថលេខានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលស្ថិតក្នុងកម្រិតល្អបំផុតមួយ និងបានមានទស្សនៈរួមគ្នាថា វិស័យឌីជីថលពិតជាមានសក្តានុពល ក្នុងការលើកកម្ពស់ ទំនាក់ទំនងទ្វេរភាគីឱ្យកាន់តែរឹងមាំថែមទៀត។

លោកបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលជប៉ុនកំពុងតែជួយខេត្តសៀមរាប លើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យមួយចំនួនដូចជា ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធលូ វិស័យសុខាភិបាល ការអភិរក្សបរិស្ថាន ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកវប្បធម៌។ នៅឆ្នាំ២០២៣ ខាងមុខនេះ ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងកាទូត និងខួបទី១០ នៃភាពជាដៃគូ យុទ្ធសាស្ត្ររវាងជប៉ុន និងកម្ពុជាហេតុនេះការចុះហត្ថលេខានាពេលនេះ នឹងក្លាយជានិមិត្តសញ្ញាមួយទៀត នៃចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានសម្តែងការសាទរ និងចាត់ទុកការចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងវិស័យឯកជនកម្ពុជា-ជប៉ុន នៅពេលនេះ នឹងនាំមកនូវផ្លែផ្កាសម្រាប់ភាគីទាំងពីរក្នុងគោលដៅទេសចរណ៍ឆ្លាតវៃខេត្តសៀមរាប និងជាចំណែក មួយយ៉ាងសំខាន់របស់វិស័យឯកជន ចូលរួមជាមួយវិស័យទេសចរណ៍ដែលជាចលករដ៏មាន សារៈប្រយោជន៍ក្នុងការជួយជំរុញដល់វិស័យទេសចរណ៍ឱ្យងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជាងពីរឆ្នាំកន្លងមក ហើយក៏ស្របទៅ នឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅ ខេត្តសៀមរាបសម្រាប់ឆ្នាំ២០២១-២០៣៥ ឱ្យទទួលបានជោគជ័យ ដើម្បីលើកស្ទួយកំណើន សេដ្ឋកិច្ច បង្កើនការងារ និងកាត់បន្ថយភាពក្រីក្រផងដែរ។

សូមបញ្ជាក់ថា ក្រុងសៀមរាប បន្ទាប់ពីបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨មក រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបានបង្កើននូវចំណាយសាធារណៈវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ជាគោលដៅដើម្បីសម្រេច បាននូវការកសាងទីក្រុងឆ្លាតវៃសៀមរាប ឱ្យស្របតាមផែនការទីក្រុងឆ្លាតវៃនៃសមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន តាមរយៈការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។ ជាលទ្ធផលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានទទួលយកសំណើ និងបានជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន តាមរយៈការសិក្សាស្រាវជ្រាវអស់រយៈពេលជាង ១ឆ្នាំ ហើយក្រុមកាងារបានជួយរៀបចំសេចក្តីព្រាងផែនការចង្អុលផ្លូវ ជួយសិក្សាផែនទី ចង្អុលផ្លូវសម្រាប់កាត់បន្ថយផលប៉ះពាល់នានាផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន