ក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា មេដឹកនាំមកពីសហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ដើម្បីបន្តផ្តល់ការគាំទ្រយ៉ាងឆាប់រហ័សដល់អ៊ុយក្រែន ខណៈដែលប្រទេសរុស្ស៊ីចាប់ផ្តើមការវាយលុកជាថ្មីនៅតំបន់ភាគខាងកើតនៃប្រទេសជិតខាងរបស់ខ្លួន។
នាយករដ្ឋមន្ត្រី Fumio Kishida បានប្រាប់សមភាគីរបស់គាត់រួមមាន ប្រធានាធិបតីអាមេរិក លោក Joe Biden មេដឹកនាំនៃក្រុម G-7 និងសហភាពអឺរ៉ុប ក្នុងអំឡុងពេលការសន្ទនាតាមរយៈវីដេអូថា រដ្ឋាភិបាលជប៉ុននឹងបង្កើនចំនួនប្រាក់កម្ចីរបស់ខ្លួនដែលត្រូវបន្ថែមដល់ទីក្រុង Kyiv រហូតដល់ចំនួន ៣០០លានដុល្លារ ដោយនិយាយថា ការជំរុញសេដ្ឋកិច្ចអ៊ុយក្រែនគឺជា “កិច្ចការបន្ទាន់”។
លោក Kishida បានពន្យល់ដល់សមភាគីរបស់គាត់ក្នុងអំឡុងពេលសន្ទនាតាមវីដេអូថា ប្រទេសជប៉ុននឹងផ្តល់ឧបករណ៍ការពារបន្ថែមដល់អ៊ុយក្រែនរួមមាន របាំងការពារ និងសម្លៀកបំពាក់ប្រឆាំងនឹងអាវុធគីមី ក៏ដូចជាយន្តហោះគ្មានមនុស្សបើកសម្រាប់គោលបំណងឃ្លាំមើល ដោយផ្អែកលើសំណើពីទីក្រុង Kyiv ។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏អះអាងថា នឹងបញ្ជូនកាំភ្លើងធំបន្ថែមទៀតទៅកាន់អ៊ុយក្រែនដែរ ខណៈកាលពីសប្តាហ៍មុន រដ្ឋបាលរបស់ខ្លួនបានប្រកាសផ្តល់ប្រាក់បន្ថែមចំនួន ៨០០លានដុល្លារជាអាវុធ គ្រាប់រំសេវ និងជំនួយផ្សេងទៀត ដែលបង្កើនការប្តេជ្ញាចិត្តជំនួយសន្តិសុខសរុបរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនដល់ជាង ២.៥ ពាន់លានដុល្លារ ចាប់តាំងពីការវាយលុកបានចាប់ផ្តើមនៅចុងខែកុម្ភៈ នេះបើយោងតាមក្រសួងការបរទេស។
គួរបញ្ជាក់ថា កិច្ចសន្ទនាតាមទូរស័ព្ទជាវិដេអូរយៈពេលមួយម៉ោង ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទថា លោកជឿជាក់ថា កងទ័ពរុស្ស៊ីបានចាប់ផ្តើម “សមរភូមិដុនបាស” ដើម្បីដណ្តើមកាន់កាប់តំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បន្ទាប់ពីបានដកថយពីជុំវិញរដ្ឋធានី៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews


