ទណ្ឌកម្មជុំទិស! នូវែលសេឡង់ បញ្ចេញទណ្ឌកម្មថ្មីមួយទៀតទៅលើធនាគារ និងស្ថាប័នហិរញ្ញវត្ថុធំៗរបស់រុស្ស៊ី
សេដ្ឋកិច្ច April 20, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន reuters បានឱ្យដឹងថា ប្រទេសនូវែលសេឡង់ កាលពីថ្ងៃអង្គារបានបង្ហាញ ទណ្ឌកម្មថ្មីមួយទៀតទៅលើប្រទេសរុស្ស៊ី ដោយសំដៅទៅលើធនាគារ និងស្ថាប័នហិរញ្ញវត្ថុធំៗ ដើម្បីការឆ្លើយតបចំពោះការលុកលុយរបស់អ៊ុយក្រែន។

ទណ្ឌកម្មថ្មីនេះ ត្រូវបានប្រកាសដោយរដ្ឋមន្រ្តីការបរទេសលោកស្រី Nanaia Mahuta នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយលោកស្រីបានលើកឡើងថា “នូវែលសេឡង់ បន្តថ្កោលទោសសង្រ្គាមរបស់លោកពូទីន និងគាំទ្រការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋ..កម្មអន្តរជាតិចំពោះអំពើឃោរ..ឃៅដែលបានប្រព្រឹត្តលើពលរដ្ឋអ៊ុយក្រែន”។

គួរបញ្ជាក់ផងដែរថា ធនាគារកណ្តាល និងមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ ស្ថិតក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុស្នូលចំនួនបីរបស់រដ្ឋាភិបាលដែលរងផលប៉ះពាល់ ពីការដាក់ទណ្ឌកម្មថ្មី ក៏ដូចជាធនាគារធំៗចំនួនប្រាំបីរបស់រុស្ស៊ី និងប្រាំពីរផ្សេងទៀតដែលមានទំនាក់ទំនងនឹងអ្នកអភិជន វិស័យការពារជាតិ និងការបញ្ចូលឧបទ្វីបគ្រីមៀផងដែរ នេះបើយោងតាមការលើកឡើងរបស់លោកស្រី Nanaia Mahuta៕

អត្ថបទ៖ លីនី
ប្រភព៖ reuters