បង្អែមបាយដំណើបស្វាយទុំរបស់ថៃ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ បន្ទាប់ពីតារារ៉េបស្រីជនជាតិថៃលើកយកទៅបង្ហាញនៅលើឆាកតន្ត្រី Coachella
សេដ្ឋកិច្ច April 18, 2022 Khmernote

បង្អែមបាយដំណើបស្វាយទុំរបស់ប្រទេសថៃ កំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអន្តរជាតិ បន្ទាប់ពីតារារ៉េបថៃវ័យក្មេងបានផ្សព្វផ្សាយបង្អែមដ៏ពេញនិយមមួយនេះ ក្នុងអំឡុងពេលការសម្តែងដ៏ឡូយរបស់នាងនៅឯពិធីបុណ្យតន្ត្រី Coachella។ មិនតែប៉ុណ្ណោះ ឥឡូវនេះ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ គ្រោងនឹងស្នើដើម្បីដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូរបស់ប្រទេសថៃទៀតផង។

តារាស្រីរ៉េបជនជាតិថៃអាយុ ១៩ឆ្នាំ ឈ្មោះថា Danupa “Milli” Kanateerakul បានសម្ដែងនៅ Coachella Valley Music and Arts Festival 2022 កាលពីល្ងាចថ្ងៃសៅរ៍ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ កាលពីម្សិលមិញ hashtag#MILLLILiveatCoachella បានជាប់នៅលើទំព័រ Twitter របស់ប្រទេសថៃ បន្ទាប់ពីការសម្តែងរបស់តារាស្រីរ៉េបរូបនេះ បង្ហាញពីបង្អែមដ៏ពេញនិយមមួយរបស់ប្រទេសថៃនោះ បាយដំណើបស្វាយទុំ។

តារារ៉េប Milli បានយកបាយដំណើបមកញ៉ាំនៅលើឆាកពេល​ច្រៀងជិតចប់ ហើយបានសួរទៅកាន់ទស្សនិកជនថា “តើមាននរណាខ្លះចង់ភ្លក់?”។ ក្រោយមកដោយសារឥទ្ធិពលនៃបណ្ដាញសង្គម ការសម្ដែងរបស់នាង បានធ្វើបង្អែមថៃដ៏ល្បីល្បាញមួយមុខនេះលក់ដាច់ស្ទើរតែគ្រប់ហាងក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យ។

យ៉ាងណាមិញ ខណៈពេលដែលប្រជាជនថៃជាច្រើនបានសរសើរការសម្តែងរបស់នាង និងពីរបៀបដែលនាងបានផ្សព្វផ្សាយបង្អែមថៃនៅលើឆាកអន្តរជាតិនោះ អ្នកខ្លះគិតថាវាមិនល្អក្នុងការញ៉ាំក្នុងអំឡុងពេលសម្តែងរបស់នាង។ អ្នក​ខ្លះ​ក៏​បាន​សន្និដ្ឋាន​ថា ស្ទីល​របស់​នាង​អាច​នឹង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ម្ហូប​ថៃ ជាជាង​ការ​ផ្សព្វផ្សាយ៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger