ល្អមែនទែន! មន្ទីរកសិកម្មខេត្តបាត់ដំបងបង្កើតកន្លែងប្រមូលផ្តុំបន្លែចំនួន ១០កន្លែង ដើម្បីទទួលទិញបន្លែពីប្រជាកសិករ ផ្គត់ផ្គង់ក្នុងខេត្តនិងនាំទៅរាជធានីភ្នំពេញ
សេដ្ឋកិច្ច April 18, 2022 Khmernote

យោងតាមការចុះផ្សាយក្រសួងព័ត៌មានបានឱ្យដឹងថា មន្ទីរកសិកម្មខេត្តបាត់ដំបង បង្កើតកន្លែងប្រមូលផ្តុំបន្លែចំនួន ១០កន្លែង ដើម្បីទទួលទិញបន្លែពីប្រជាកសិករសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងខេត្តនិងនាំទៅរាជធានីភ្នំពេញ។ លោក អ៊ិន សុណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តបាត់ដំបង បានឱ្យដឹងថា មកទល់ពេលនេះមន្ទីរកសិកម្មខេត្តបានសហការជាមួយវិស័យឯកជនបង្កើតទីតាំងប្រមូលផ្តុំបន្លែនៅតាមក្រុងស្រុកគោលដៅក្នុងខេត្តចំនួន ១០កន្លែង ដើម្បីទទួលទិញបន្លែពីប្រជាកសិករសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្តនិងនាំទៅកាន់រាជធានីភ្នំពេញ។

លោកបានបន្តថា ការបង្កើតទីតាំងប្រមូលផ្តុំបន្លែនៅតាមក្រុងស្រុកគោលដៅក្នុងខេត្តបាត់ដំបងនេះ វាពិតជាមានភាព ងាយស្រួលសម្រាប់ប្រជាកសិករជាអ្នកផលិតបន្លែ មិនពិបាកក្នុងដឹកជញ្ជូនទៅកាន់ទីផ្សារឆ្ងាយៗដូចកាលពីមុន ដោយពេលនេះទីតាំងប្រមូលផ្តុំបន្លែនៅកៀកជិតប្រជាកសិករ ដែលធ្វើឱ្យកសិករចំណេញពេលវេលានិងចំណេញថវិកាផងដែរ។

«តាមពិតនៅក្នុងខេត្តនេះយើងបានសាងសង់រួចមកហើយកាលពីឆ្នាំ២០២១យើងកំពុងរៀបចំគាត់ឱ្យមានលក្ខណៈត្រឹមត្រូវ មួយវិញទៀតកសិផលគាត់មានហើយដោយពួកគាត់លក់នៅតាមផ្ទះមេក្រុមប្រមូលផ្តុំដោយបច្ចុប្បន្ននេះយើងចង់ធ្វើកន្លែងនេះមួយឱ្យគាត់មកលក់ដូរនៅកន្លែងហ្នឹងហើយកន្លែងប្រមូលផ្តុំមាននៅស្រុកមោង សង្កែ សំឡូត ថ្មគោល បាណន់។ ល។ ដោយឡែកយើងកំពុងបង្កើតគណៈកម្មការទៅការងារហ្នឹងហើយជំរុញបន្ថែមដល់ពួកគាត់ដើម្បីឆ្លើយតបទៅទីផ្សារឬមួយក្រុមហ៊ុនណាខ្លះបញ្ជាទិញអ៊ីចឹងយើងមានមន្រ្តីជំនាញចុះជួយនិងអ្នកផ្សព្វផ្សាយឃុំមន្រ្តីកសិកម្មស្រុកចាំជួយពួកគាត់»។

លោកបានបន្ថែមថា ដោយមើលឃើញថាខេត្តបាត់ដំបងមិនត្រឹមតែជាជង្រុកស្រូវប៉ុណ្ណោះទេ មកដល់បច្ចុប្បន្ននេះ មន្ទីរថែមទាំងបានបង្កើតផ្ទៃដាំដុះដំណាំហូបផ្លែមួយផ្នែកធំនិងដាំដុះបន្លែមួយចំនួនទៀតសម្រាប់ប្រជាកសិករ បន្ទាប់ពីការធ្វើស្រែ ដើម្បីធ្វើឱ្យប្រជាកសិករ អាចរក ចំណូលបន្ថែមទៀតពីការលក់បន្លែដោយសារបន្លែកំពុងមានតម្រូវការខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន