រថយន្តដឹកទំនិញរុស្ស៊ី និងបេឡារុស្សបានជាប់គាំងជាជួរដ៏វែងនៅជិតព្រំដែនប្រទេសប៉ូឡូញ ដោយសារ​ការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប
សេដ្ឋកិច្ច April 18, 2022 Khmernote

អ្នកបើកបររថយន្តដឹកទំនិញរុស្ស៊ី និងបេឡារុស្សបានជាប់គាំងជាជួរដ៏វែងមួយនៅជិតព្រំដែន Kukuryk-Kozlovichi ក្នុងប្រទេសប៉ូឡូញកាលពីសោរិ៍ (ទី១៦ ខែមេសា ឆ្នាំ​២០២២)។ ការជាប់គាំងនេះ បានកើតឡើងដោយសារប្រទេសសហភាពអឺរ៉ុបបានហាមឃាត់ការចូលរបស់រថយន្តពីប្រទេសទាំងពីរនេះ។

គយរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ (ទី៩ ខែមេសា) ថា ប្រទេសសហភាពអឺរ៉ុបដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី និងបេឡារុស្ស បានរារាំងយានជំនិះមួយចំនួនដែលបានចុះបញ្ជីនៅក្នុងប្រទេសទាំងពីរមិនឱ្យចូលចាប់តាំងពីថ្ងៃសុក្រ (ទី៨ ខែមេសា) ដោយសារការដាក់ទណ្ឌកម្ម។

សេវាគយរុស្ស៊ីបានបន្តថា រថយន្តដែលប្រើជាការដឹកជញ្ជូនអន្តរជាតិដែលមានស្លាកលេខរុស្ស៊ី និងបេឡារុស្សនឹងមិនអាចផ្លាស់ប្ដូរទំនិញនៅលើទឹកដីសហភាពអឺរ៉ុបបានទេ។ ជាមួយគ្នានេះរថយន្តដឹកទំនិញរុស្ស៊ី និងបេឡារុស្សត្រូវបានផ្តល់ពេលវេលារហូតដល់ចុងថ្ងៃសៅរ៍ (ទី១៦ ខែ មេសា) ដើម្បីចេញពីទឹកដីរបស់ប្លុកនេះ។

គួរបញ្ជាក់ផងដែរថា បើតាម​ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីក្រសួងដឹកជញ្ជូនបាននិយាយថា ប្រទេសបេឡារុស្សនៅថ្ងៃសុក្រ (ទី១៥ ខែមេសា) បានប្រកាសហាមឃាត់រថយន្តដឹកទំនិញដែលបានចុះបញ្ជីក្នុងសហភាពអឺរ៉ុបមិនឱ្យចូលទឹកដីរបស់ខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand