ជប៉ុន​អនុវត្ត​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី រួមទាំងបង្កកទ្រព្យសម្បត្តិកូនស្រី ២នាក់របស់លោក Vladimir Putin ទៀត
សេដ្ឋកិច្ច April 12, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានដាក់ទណ្ឌកម្មជាផ្លូវការលើរុស្ស៊ីដែលរួមបញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិកូនស្រី ២នាក់របស់លោកប្រធានាធិបតី Vladimir Putin។ សារព័ត៌មានដដែលបានឱ្យដឹងថា គណៈរដ្ឋមន្រ្តីបានអនុម័តទណ្ឌកម្មកាលពីអង្គារ ដោយនិយាយថា ទង្វើដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី ស្មើនឹងឧក្រិដ្ឋ..កម្មសង្គ្រាម ហើយពិតជាមិនអាចអត់ឱនបានឡើយ។

ជាមួយគ្នានេះមនុស្សជិត ៤០០នាក់ នឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃអ្នកដែលត្រូវបង្កកទ្រព្យសម្បត្តិ ហើយក្នុងនោះរួមមានកូនស្រីរបស់លោក ពូទីន សមាជិកសភាជាតិ និងមនុស្សដែលមានទំនាក់ទំនងជាមួយផ្នែកយោធា។ ក្រៅពីនេះក៏មានស្ថាប័នហិរញ្ញវត្ថុធំជាងគេ Sberbank និងធំលំដាប់ទីបួនរបស់រុស្ស៊ី Alfa Bank ក៏នឹងត្រូវបង្កកទ្រព្យសម្បត្តិរបស់ពួកគេ រួមជាមួយនឹងអង្គការពាក់ព័ន្ធយោធាចំនួន ២៦ និងក្រុមហ៊ុនរបស់រដ្ឋផងដែរ។

លើសពីនេះ ការវិនិយោគថ្មីនៅក្នុងប្រទេសរុស្ស៊ី នឹងត្រូវបានហាមឃាត់ ហើយការនាំចូលគ្រឿងចក្រ ប្រភេទមួយចំនួននៃឈើ vodka និងរបស់របរផ្សេងទៀត ក៏នឹងត្រូវបានហាមឃាត់។ ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលជឿថា ខ្លួនចាំបាច់ត្រូវដាក់ទណ្ឌកម្មតឹងរ៉ឹងលើទីក្រុងមូស្គូ ដោយសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីសម្រេចបានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដើម្បីបង្ខំរុស្ស៊ីឱ្យបញ្ចប់ការឈ្លានពានរបស់អ៊ុយក្រែន៕

អត្ថបទ៖ លីនី
ប្រភព៖ nhk