រុស្ស៊ីយ៉ាប់ហើយ! ក្រុមប្រទេសទាំង ៧ ប្រកាសហាមឃាត់ការនាំចូលធ្យូងថ្ម និងការវិនិយោគក្នុងវិស័យសំខាន់ៗជាច្រើនរបស់រុស្ស៊ី
សេដ្ឋកិច្ច April 8, 2022 Khmernote

មេដឹកនាំមកពីក្រុមប្រទេសទាំង ៧ (G7) បានថ្កោលទោសរុស្ស៊ីជុំវិញការសម្លា…ប់ជនស៊ីវិលយ៉ាងច្រើននៅជិតរដ្ឋធានី Kyiv របស់អ៊ុយក្រែន បានប្រកាសដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងប្រទេសនេះ រួមទាំងការហាមឃាត់លើការនាំចូលធ្យូងថ្ម។ មេដឹកនាំបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំ G7 “ថ្កោលទោសក្នុងន័យខ្លាំងបំផុតចំពោះអំពើឃោរ…ឃៅដ៏គួរឱ្យភ័យខ្លាចដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅក្នុងទីក្រុង Bucha និងទីប្រជុំជនផ្សេងទៀតរបស់អ៊ុយក្រែន”។

សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា មេដឹកនាំនឹង “បង្កើនតម្លៃនៃសង្រ្គាមនេះបន្ថែមទៀត” សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និង “អ្នកសមគំនិត”។ លើសពីនេះ មេដឹកនាំក៏កំពុងហាមឃាត់ការវិនិយោគថ្មីនៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរុស្ស៊ីរួមទាំងវិស័យថាមពល និងពន្លឿនផែនការកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ដែលរួមមានកិច្ចខិតខំប្រឹងប្រែងក្នុង “ការបញ្ឈប់ និងហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ី។

សេចក្តីថ្លែងការណ៍បានបន្ថែមថា G7 នឹងបង្កើន យុទ្ធនាការប្រឆាំងនឹងឥស្សរជន និងសមាជិកគ្រួសាររបស់ពួកគេ ដែលគាំទ្រប្រធានាធិបតី ពូទីន ក្នុងការប្រឹងប្រែងធ្វើសង្គ្រាម និងបំផ្លាញធនធានរបស់ប្រជាជនរុស្ស៊ី។ ហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែនបន្ថែមទៀត ទាំងផ្នែកយោធា និងហិរញ្ញវត្ថុ ដើម្បីអនុញ្ញាតឱ្យប្រទេសនេះការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងការកសាងឡើងវិញ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk