រុស្ស៊ី នឹងបន្តជើងហោះហើរជាមួយប្រទេសជាមិត្តចំនួន ៥២ ឡើងវិញ ឆាប់ៗនេះ
ទេសចរណ៍ April 5, 2022 Khmernote

នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីគ្រោងនឹងបញ្ចប់ការរឹតបន្តឹងលើជើងហោះហើរទៅ និងមកពីប្រទេសជាមិត្ត ចំនួន ៥២ បន្ទាប់ពីថ្ងៃទី០៩ ខែមេសា។ ការបញ្ចប់ការរឹតបន្តឹងនេះ គឺជាផ្នែកមួយនៃផែនការរបស់ខ្លួន ដើម្បីកាត់បន្ថយវិធានការណ៍នៃការទប់ស្កាត់ជំងឺកូវីដ-១៩។

លោក Mishustin បាននិយាយថា រុស្ស៊ីគ្រោងនឹងបន្តជើងហោះហើរទៅ និងមកពីប្រទេសអាហ្សង់ទីន អាហ្វ្រិកខាងត្បូង និង “ប្រទេសជាមិត្ត” ផ្សេងទៀត នោះមានន័យថា អ្នកប្រទេសទាំងនេះ សុទ្ធតែជាប្រទេសដែលមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។

ជាមួយគ្នានេះដែរ ក្រុមការងារបាននិយាយថា ប្រទេសផ្សេងទៀតដែលរុស្ស៊ីនឹងបន្តជើងហោះហើរឡើងវិញបន្ទាប់ពីថ្ងៃទី៩ ខែមេសា រួមមានអាល់ហ្សេរី ចិន លីបង់ ប៉េរូ និងប៉ាគីស្ថាន។ គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានដាក់កំហិតលើការធ្វើដំណើរយ៉ាងទូលំទូលាយនៅពេលចាប់ផ្តើមនៃការរាតត្បាតនៃមេរោគឆ្លងនៅក្នុងខែមីនាឆ្នាំ២០២០ ដែលភាគច្រើននៅតែជាធរមាន ប៉ុន្តែបានពង្រីកបន្តិចម្តងៗនូវបញ្ជីប្រទេសដែលត្រូវបានគេចាត់ទុកថា មានសុវត្ថិភាពសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។

ទន្ទឹមនឹងនេះដែរ ប្រទេសរុស្ស៊ីបានបិទដែនអាកាសរបស់ខ្លួនចំពោះក្រុមហ៊ុនអាកាសចរណ៍មកពី ៣៦ប្រទេស រួមទាំងសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប ដើម្បីជាការឆ្លើយតបទៅនឹងទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែនដែលផ្តោតលើវិស័យអាកាសចរណ៍របស់ខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo