វៀតណាម កាក់កបខ្លាំងលើការនាំចេញទឹកឃ្មុំទៅតៃវ៉ាន់ កើនឡើងជិត ២លានដុល្លារ
សេដ្ឋកិច្ច April 4, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ការនាំចេញទឹកឃ្មុំរបស់វៀតណាមទៅកាន់តៃវ៉ាន់បានកើនឡើង ៥៧ភាគរយ ឈានដល់ ១.៦៤ លានដុល្លារ កាលពីឆ្នាំមុន ដោយសារតម្លៃប្រកួតប្រជែង និងគុណភាពកើនឡើង។ ស្រ្តីជនជាតិវៀតណាមម្នាក់ដែលកំពុងធ្វើការនៅតៃវ៉ាន់បាននិយាយថា ប្រជាជនតៃវ៉ាន់ចូលចិត្តទឹកឃ្មុំរបស់វៀតណាមកាន់តែខ្លាំងឡើង ដោយសារតែតម្លៃ ថោកជាងផលិតផលថៃ។

ជាមួយគ្នានេះដែរ អ្នក​នាំ​ចេញ​បាន​និយាយ​ថា តៃវ៉ាន់​ជា​ទីផ្សារ​ដ៏​មាន​តម្លៃ​សម្រាប់​ទឹកឃ្មុំ​វៀតណាម ដោយសារ​តម្រូវការ​កើនឡើង។ ជាក់ស្ដែងក្នុងរយៈ ពេលពីរខែដំបូងនៃឆ្នាំ២០២២ ការនាំចេញបានកើនឡើងបួនដងធៀបនឹងឆ្នាំមុនដល់ ៤៦តោន។ ទន្ទឹមនឹងនេះដែរ ទឹកឃ្មុំវៀតណាម ក៏ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកដែរ ដោយក្នុងមួយឆ្នាំនាំចេញក្នុងចំនួន ៥៤,០០០ តោន។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន វៀតណាម គឺជាអ្នកនាំចេញទឹកឃ្មុំធម្មជាតិធំជាងគេទីពីរទៅកាន់តៃវ៉ាន់។ បរិមាណនាំចេញរបស់វាបានកើនឡើង ៤៤ភាគរយដល់ ៣៨២តោន នេះបើយោងតាមស្ថិតិពីការិយាល័យពាណិជ្ជកម្មបរទេសរបស់តៃវ៉ាន់៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress