សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវទាំង៣៨ខ្សែ គឺជាការយកកម្ពុជាចិញ្ចឹមកម្ពុជា ពីព្រោះការសាងសង់ផ្លូវទាំងនេះ ជាការសាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង មិនមានបរទេសណាចូលរួមនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បែបបនេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែ និងការកែលំអរដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃចន្ទ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ។
នាឱកាសនោះ សម្តេចតេជោពិតជារីករាយចំពោះសមិទ្ធផលថ្មីនេះ និងប្រកាសជាថ្មីថា សមិទ្ធផលទាំងអស់ដែលកើតមានឡើងលើទឹកដីនៃខេត្តសៀមរាបនេះ ត្រូវប្រសិទ្ធនាមថា ជាតារារះនាទិសឧត្តរ។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ផ្លូវទាំង៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនសំខាន់ៗកម្ពុជា ដែលបានសាងស្នាមព្រះហស្ថ និងស្នាដៃចំពោះជាតិនាពេលកន្លងមក។
គួរឱ្យដឹងផងដែរថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាសន្សំរបស់ជាតិសរុបចំនួន ១៤៩,២១៦ លានដុល្លារ អាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ ចំណាយពេលសាងសង់ ចំនួន ១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០៕







អត្ថបទ៖ លីនី


