ផ្លែស្រកានាគ និងផលិតផលកសិកម្មមួយចំនួនរបស់វៀតណាម សុខចិត្តដាក់លក់ថោកៗ ដោយសារនាំចេញទៅចិនមិនកើត
សេដ្ឋកិច្ច April 2, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ឪឡឹក ផ្លែស្រកានាគ និងផលិតផលកសិកម្មផ្សេងទៀតកំពុងត្រូវបានលក់ក្នុងតម្លៃ ៣,០០០-៨០០០ ដុង (០.១៣-០.៣៥ ដុល្លារ) ក្នុងមួយគីឡូក្រាមនៅទីក្រុងហូជីមិញ និងហាណូយ ចាប់តាំងពីស្ថានភាពនាំចេញរបស់ចិននៅតែបន្តអាក្រក់ទៅៗ។

នៅក្នុងសង្កាត់ 12 របស់ទីក្រុង ហូជីមិញ, Binh Thanh, Go Vap និងទីក្រុងផ្សេងទៀត ឃើញថាអ្នកលក់ផ្លែឈើជាច្រើនបានដាក់លក់ជាហូរហែរនៅតាមចិញ្ចើមផ្លូវដោយលក់ក្នុងតម្លៃទាបបំផុត។ ជាកក់ស្ដែង លោក Cuong អ្នកលក់នៅស្រុក Tan Binh បាននិយាយថា “ជាធម្មតាឪឡឹកប្រភេទនេះត្រូវបានលក់ក្នុងតម្លៃ ២៥,០០០ ដុង (១.០៩ ដុល្លារ) ក្នុងមួយគីឡូក្រាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែនៅឆ្នាំនេះ យើងលក់វាក្នុងតម្លៃតែពាក់កណ្តាលប៉ុណ្ណោះ ដោយសារកសិករមិនអាចនាំចេញបាន”។ ទន្ទឹមនឹងនេះដែរ អាជីវករ​ម្នាក់​នៅ​ស្រុក Go Vap បាន​និយាយ​ថា គាត់​លក់​ស្ទើរតែ​មិន​បាន​ប្រាក់​ចំណេញ​ទេ ដោយសារ​តម្លៃ​ដឹក​ជញ្ជូន​ខ្ពស់។

គួរបញ្ជាក់ផងដែរថា ការកកស្ទះកុងតឺន័រ​ជាច្រើនគ្រឿងនៅ​ព្រំដែន​ចិន​បាន​អូសបន្លាយ​អស់​រយៈពេល​បី​ខែ​មក​ហើយ ដោយ​បង្ខំ​ឱ្យ​អ្នកបើកបរ​ត្រឡប់​ទៅ​ក្រុង​វិញ ហើយ​លក់ទំនិញក្នុង​តម្លៃ​ពាក់កណ្តាល ឬ​មួយ​ភាគ​បី​នៃ​តម្លៃ​នាំ​ចេញ ។ ជាមួយគ្នានេះនៅក្នុងខេត្ត Lang Son ភាគខាងជើង ដែលមានច្រកព្រំដែនសំខាន់ៗមួយចំនួន ឡានដឹកទំនិញចំនួន ១,៣៧៨ គ្រឿងបានជាប់គាំងគិតត្រឹមថ្ងៃច័ន្ទ ដោយចំនួនច្រើនជាងបីភាគបួននៃគឺដឹកផ្លែឈើ នេះបើយោងតាមភ្នាក់ងារគយ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress