ក្រសួងសាធារណការកំពុង ស្វែងរកប្រភពថវិកាក្នុងការសម្រួលការធ្វើចរាចរណ៍លើផ្លូវមួយខ្សែនេះនៅផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្នសិន
សេដ្ឋកិច្ច March 31, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងសាធារណការ កំពុងស្វែងរកប្រភពថវិកាក្នុងការសម្រួលការធ្វើចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្នសិន ខណៈដែលរាជរដ្ឋាភិបាលកំពុងដាក់ពាក្យស្នើសុំប្រាក់កម្ចីពីមិត្តចិន សាងសង់ផ្លូវជាតិលេខ៣ កំពត-វាលរេញ នេះ ឱ្យមានគុណភាពខ្ពស់។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងចុះពិនិត្យមើលស្ថានភាពនៃការជួសជុលថែទាំបណ្តោះអាសន្ន កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា មកដល់ពេលនេះក្រសួងកំពុងរង់ចាំថវិកា ដែលបានស្នើសុំប្រាក់កម្ចីពីមិត្តចិន ដើម្បីយកមកសាងសង់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ប្រវែង២០គីឡូម៉ែត្រ នៅតំបន់ដែលមានដីស្អុយ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឱ្យបានរឹងមាំប្រើប្រាស់បានយូរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាកំណាត់ផ្លូវ ២០គីឡូម៉ែត្រក្នុងកាលៈទេសៈចំពោះមុខនេះ ក្រសួងកំពុងតែខិតខំប្រឹងប្រែង ស្វែងរកប្រភពថវិកាក្នុងការស្តារកំណាត់ផ្លូវនេះ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនឱ្យបានរលូនជាងមុនជាបណ្ដោះអាសន្នសិន រហូតទាល់តែក្រសួងទទួលបានថវិកា សម្រាប់សាងសង់កំណាត់ផ្លូវនេះតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងអាចប្រើប្រាស់ជាប់យូរអង្វែង។

សំឡេង « អ៊ីចឹងដើម្បីដោះស្រាយបញ្ហា ២០គីឡូម៉ែត្រ ជួយសម្រួលយ៉ាងណា យើងខ្ញុំកំពុងតែខិតខំប្រឹងប្រែងរក ប្រភពថវិកា ដើម្បីមកជួយសម្រួលឱ្យធ្វើចរាចរណ៍បានស្រួលជាងមុន ប៉ុន្តែមិនមែនធ្វើឱ្យជាប់រហូតនោះទេ ឱ្យរឹងមាំតាមលក្ខណៈបច្ចេកទេសនោះ ទេគឺបណ្ដោះអាសន្ន។ បណ្ដោះអាសន្នគឺសម្រួលការធ្វើចរាចរណ៍នេះកុំឱ្យវាពិបាកពេកវេទនាពេក »។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើសុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកប្រើប្រាស់កំណាត់ផ្លូវនេះ ចំពោះការបង្កឱ្យមានការលំបាកក្នុងការធ្វើដំណើរ យឺតយ៉ាវពេលវេលា និងបានសំណូមពរសុំកុំឱ្យមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលនាំឱ្យផ្លូវកាន់តែមានសភាព ខូចកាន់ តែធ្ងន់ធ្ងរឡើងថែមទៀត៕

ប្រភព៖ ក្រសួងពត៌មាន