ប្រទេសជប៉ុន ថ្មីៗនេះប្រកាសថា នឹងហាមឃាត់ការនាំចេញទំនិញប្រណិតទៅកាន់ប្រទេសរុស្ស៊ី ដើម្បីដាក់សម្ពាធលើមហាសេដ្ឋី អ្នកជំនួញដែលមានទ្រព្យ ហើយជិតស្និទ្ធនឹងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក Hagiuda Koichi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ប្រទេសនេះនឹងតាមដានយ៉ាងដិតដល់នូវស្ថានភាពក្នុងប្រទេសអ៊ុយក្រែន និងបង្កើតការដាក់ទណ្ឌកម្មបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។
ជាមួយគ្នានេះដែរ ការហាមឃាត់ទំនិញប្រណិតនៅពេលនេះមានចំនួន ១៩មុខ រួមទាំងរថយន្តដែលមានតម្លៃជាង ៦លានយ៉េន ឬប្រហែល ៤៨,០០០ដុល្លារ និងម៉ូតូមានតម្លៃជាង ៦០០,០០០ យ៉េន ប្រហែល ៤,៨០០ដុល្លារ។ ក្នុងនោះក៏រួមបញ្ចូលផងដែរនូវព្យាណូដែលមានតម្លៃជាង ២០០,០០០ យ៉េន ប្រហែល ១,៦០០ ដុល្លារ គុជធម្មជាតិ ស្រាវីស្គីជប៉ុនលំដាប់ខ្ពស់ និងនាឡិកាដែលមានតម្លៃលើសពី ៤០,០០០ យ៉េន ឬប្រហែល ៣០០ដុល្លារ។ ការហាមឃាត់ការនាំចេញនេះ នឹងចូលជាធរមាននៅថ្ងៃទី៥ ខែមេសា។
គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនបានហាមឃាត់ការនាំចេញទំនិញប្រហែល ៣០០មុខទៅកាន់ប្រទេសរុស្ស៊ីរួចហើយ ដូចជាវត្ថុដែលអាចបំប្លែងទៅជាការប្រើប្រាស់យោធា និងបន្ទះឈីប semiconductor ទូទៅ។ ដោយឡែកវត្ថុដែលត្រូវប្រើប្រាស់សម្រាប់គោលបំណងមនុស្សធម៌ត្រូវបានលើកលែង៕


អត្ថបទ៖ លីនី
ប្រភព៖ nhk


