សហរដ្ឋអាមេរិក នឹងយកពន្ធពីអ្នកមានទ្រព្យច្រើន ដើម្បីបង្កើនជំនួយដល់អ៊ុយក្រែន អនុវត្តគោលនយោបាយ និងស្ដារសេដ្ឋកិច្ចពីជំងឺរាតត្បាតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ លោក Joe Biden កាលពីថ្ងៃច័ន្ទ ទី២៨ ម្សិលមិញនេះ បានបង្ហាញសំណើថវិកាចំនួន ៥.៨ពាន់ទ្រីលានដុល្លារ ដើម្បីចំណាយសម្រាប់គោលនយោបាយជាច្រើនរបស់គាត់។
ប្រធានាធិបតីរូបនេះ បានមានប្រសាសន៍ថា “ផែនការរបស់រដ្ឋបាលរបស់លោក បង្ហាញយ៉ាងច្បាស់ថា យើងឱ្យតម្លៃលើការទទួលខុសត្រូវសារពើពន្ធ សុវត្ថិភាព និងសន្តិសុខនៅក្នុងផ្ទះ និងជុំវិញពិភពលោក ហើយការវិនិយោគដែលត្រូវការដើម្បីបន្តកំណើនប្រកបដោយសមធម៌របស់យើង និងកសាងអាមេរិកឱ្យកាន់តែប្រសើរឡើង”។
លោក Biden ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមការផ្តល់របស់ខ្លួន គឺថវិកាចំនួន ៦.៩ ពាន់លានដុល្លារនឹងផ្ដល់ឱ្យអ៊ុយក្រែនសម្រាប់ជួយក្នុងការការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ព្រមទាំងជួយដល់អង្គការណាតូ។ ជាមួយគ្នានេះ ១ពាន់លានដុល្លារអាមេរិកផ្សេងទៀតនឹងប្រើឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ទីក្រុងម៉ូស្គូ។
បើក្រលេកទៅមើលការយកពន្ធពីអ្នកមានវិញ លោក Biden ក៏បានស្នើសុំពន្ធអប្បបរមាលើប្រាក់ចំណូលរបស់អ្នកជាប់ពន្ធដែលរកបានច្រើនជាង ១០០លានដុល្លារអាមេរិក ដែលធ្វើតាមការចង់បានរបស់គណបក្សប្រជាធិបតេយ្យ ដែលបានអំពាវនាវឱ្យយកពន្ធលើអ្នកមានជាមធ្យោបាយដោះស្រាយវិសមភាព។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពន្ធអប្បបរមានេះនឹងអនុវត្តចំពោះតែ ០.០១% នៃគ្រួសារដែលមានទ្រព្យសម្បត្តិបំផុត – អ្នកដែលមានច្រើនជាង ១០០លានដុល្លារអាមេរិក – ហើយជាងពាក់កណ្តាលនៃប្រាក់ចំណូលនឹងយកតែពីមហាសេដ្ឋីតែប៉ុណ្ណោះ៕



អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


