ភ្នាក់ងារសម្ងាត់រុស្ស៊ី រឹបអូសនាឡិកាប្រណិតស្វីសតម្លៃរាប់លានដុល្លារ ជាការសងសឹកវិញលើការដាក់ទណ្ឌកម្ម
សេដ្ឋកិច្ច March 28, 2022 Khmernote

កាសែត NZZ am Sonntag របស់ប្រទេសស្វីសបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ភ្នាក់ងារសម្ងាត់រុស្ស៊ីបានរឹបអូសនាឡិកាប្រណិតតម្លៃរាប់លានដុល្លារពីក្រុមហ៊ុនផលិតនាឡិកាស្វីស ដែលជាការសងសឹកភ្លាមៗប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសស្វីសចំពោះរុស្ស៊ីលើសង្គ្រាមអ៊ុយក្រែន។

តាមប្រភពដដែល នាឡិកាទាំងនេះត្រូវបានរឹបអូសពីក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុករបស់ Audemars Piguet ក្នុងទីក្រុងមូស្គូកាលពីដើមខែនេះ។ ទោះបីជាអាជ្ញាធររុស្ស៊ីបានលើកឡើងពីបទល្មើសគយសម្រាប់ការរឹបអូសនាឡិកាក៏ដោយ ប៉ុន្តែក្រសួងការបរទេសរបស់ប្រទេសស្វីសបាននិយាយនៅក្នុងលិខិតសម្ងាត់មួយថា វាទំនងជា “វិធានការបង្ក្រាបតាមអំពើចិត្តក្នុងប្រតិកម្មទៅនឹងទណ្ឌកម្ម” នេះបើតាម NZZ am Sonntag ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រទេសស្វីសបានចាកចេញពីស្ថានភាពអព្យាក្រឹតជាប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែន។ ការរឹតបន្តឹងរួមមានការហាមឃាត់ការនាំចេញទំនិញប្រណិតទៅកាន់ប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ ដែរ Audemars Piguet គឺជាអ្នកផលិតនាឡិកាដែលមានអាយុកាលជិត១៥០ឆ្នាំ ដោយនាឡិកា​ប្រណិត​របស់​ម៉ាក​នេះ​ជា​ធម្មតា​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ហើយប្ប្រទេសរុស្ស៊ី គឺជាទីផ្សារធំបំផុតទី១៧ សម្រាប់ការនាំចេញនាឡិកាស្វីសក្នុងឆ្នាំ២០២១ ដែលស្មើនឹង ២៦០.១ លានហ្វ្រង់ (២៧៨.៦ លានដុល្លារ) នៃការនាំចេញនេះបើយោងតាមសហព័ន្ធនៃឧស្សាហកម្មនាឡិកាស្វីស៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo