ខណៈនាំចេញទៅចិនពិបាក វៀតណាមបង្វែរទិសដៅនាំចេញទៅបរទេសវិញរហូតតម្រូវការ​បន្លែ​ផ្លែឈើ​​កើនឡើង​ខ្លាំងនៅទីនោះ​
សេដ្ឋកិច្ច March 28, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា តម្រូវការបន្លែ ផ្លែឈើវៀតណាមកើនខ្លាំងនៅបរទេស។ ការកើនឡើងនេះ គឺដោយសារការនាំចេញផ្លែឈើ និងបន្លែទៅកាន់ប្រទេសចិនប្រឈមមុខនឹងការលំបាក ធ្វើឱ្យសហគ្រាសវៀតណាមជាច្រើនបានចំណាយប្រាក់រាប់រយលានដុល្លារដើម្បីវិនិយោគលើប្រព័ន្ធ និងរោងចក្រកែច្នៃដើម្បីលក់ផលិតផលរបស់ពួកគេនៅអឺរ៉ុប និងអាមេរិកវិញ។

លោក Nguyen Lam Vien អគ្គនាយកក្រុមហ៊ុន Vinamit Joint Stock Company បាននិយាយថា ប្រទេសចិនកាន់តែមានភាពតឹងរ៉ឹងក្នុងការត្រួតពិនិត្យគុណភាព តាមដាន ការវេចខ្ចប់។ គោលនយោបាយ “សូន្យកូវីដ” របស់ពួកគេធ្វើឱ្យមានការលំបាកសម្រាប់អ្នកនាំចេញផ្លែឈើ និងបន្លែជាច្រើន។ ជាមួយគ្នានេះ លោក Nguyen Van Thu អគ្គនាយកក្រុមហ៊ុន GC Food Joint Stock Company (GC Food) បាននិយាយថា យើងប្តេជ្ញាវិនិយោគតាមវិធីសាស្ត្រពីតំបន់វត្ថុធាតុដើមរហូតដល់ដំណាក់កាលកែច្នៃ ដើម្បីចូលទៅក្នុងទីផ្សារថ្មី។

គួរឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក ការនាំចេញផ្លែឈើ និងបន្លែ របស់ក្រុមហ៊ុនទៅកាន់សហភាពអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង ជាពិសេសក្រូចថ្លុង ដូង និងផ្លែស្រកានាគ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនកំពុងរៀបចំផែនការពង្រីកផលិតផលបន្ថែមទៀតចូលទៅក្នុងផ្សារទំនើបរបស់សហភាពអឺរ៉ុប។

ជាមួយគ្នានេះ ការនាំចេញបន្លែ និងផ្លែឈើទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងជិត ៧០% ដែលឈានដល់ ៤៦លានដុល្លារ។ ក្នុងនោះកូរ៉េខាងត្បូងបានកើនឡើងជិត ៣២ភាគរយ ឈានដល់ ២៥លានដុល្លារ ហើយ​ប្រទេស​ជប៉ុន​បាន​កើន​ឡើង​ ១២​ភាគ​រយ​ដែល​ឈាន​ដល់​២៣​លាន​ដុល្លារ។ ការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​ទៅ​ប្រទេស​អូស្ត្រាលី​បាន​កើន​ឡើង ៤៥.៧% ខណៈ​ប្រទេស​ហូឡង់​កើន​ឡើង ៥១.៥%៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand